រដ្ឋបាលស្រុកកំពង់ត្រាច បើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុក លើកទី២៣ អាណត្តិទី៤

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកកំពង់ត្រាច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្តក្នុងមូលដ្ឋាន។

​កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សោម យ៉ាន ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច​លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក, អភិបាលរងស្រុក, នាយករងរដ្ឋបាល, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, ប្រធានការិយាល័យ-អង្គភាពជុំវិញស្រុក និងមេឃុំទាំង ១៤ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ពិភាក្សា និងអនុម័តលើរបាយការណ៍សកម្មភាពការងារប្រចាំខែ និងលទ្ធផលដែលសម្រេចបានកន្លងមក។ បន្តជំរុញការអនុវត្តគោលនយោបាយ "ភូមិ-ឃុំ មានសុវត្ថិភាព" តាមរយៈកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរឃុំ។ ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅតាមបណ្តាឃុំទាំង ១៤ ឱ្យបានទាន់ចិត្ត និងតម្លាភាព។ លើកទិសដៅដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពលរដ្ឋ។

សូមជម្រាបថា កិច្ចប្រជុំនេះ គឺជាយន្តការការងារដ៏សំខាន់ក្នុងការរំលឹក និងតម្រង់ទិសដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ និងអភិវឌ្ឍន៍ស្រុកកំពង់ត្រាច ឱ្យកាន់តែរីកចម្រើន៕








Powered by Blogger.