ពលរដ្ឋរងគ្រោះ ដោយអគ្គិភ័យឆេះផ្ទះចំនួន៣គ្រួសារនៅភូមិឃុំញ៉ាងទទួលអំណោយមនុស្សធម៌ពី អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអណ្តូងមាស

 អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ លោក មាស សារ៉េត អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអណ្តូងមាស បានដឹកនាំមន្រ្តីអនុសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអណ្តូងមាសទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៣គ្រួសារ នៅភូមិតាង៉ា ឃុំញ៉ាស្រុកអណ្តូងមាស ខេត្តរតនគិរី។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូន គ្រួសារ រងគ្រោះទាំង៣គ្រួសារនាពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ១បេ. ទឹកស៊ីអីវ១យួរ.ត្រីខ១យួរ.មុង១.ភួយ១. កន្ទេល១.មី១កេសនិងថវិកា៦២០,០០០រៀល។ ដោយឡែកអ្នកជួយពន្លត់អគ្គិភ័យដែលបានរង របួសធ្ងន់ចំនួន១គ្រួសារ ទទួលបានអង្ករ២បេ.ទឹកស៊ីអីវ១យួរ.ត្រីខ១យួរ. មី១កេស.និងថវិកា៣៦០,០០០រៀល និង១គ្រួសារទៀតរងរបួសស្រាលទទួលបានអង្ករ២បេ.ទឹកស៊ីអីវ១យួរ.ត្រីខ១យួរ.មី១កេស. និងថវិកា ២៨៥,០០០រៀលផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក មាស សារ៉េត បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ញ៉ែម សំអឿន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយក្ដីនឹករលឹក និងសេចក្តីអាណិតអាសូរនិងសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើត ដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់គ្រួសារងគ្រោះ។ លោក បានបញ្ជាក់ថា៖ ទុក្ខលំបាករបស់ប្រជាជនគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាជនរងគ្រោះចំនួនគ្រួសារ នាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ។ ម៉្យាងទៀតអំណោយដែលអនុសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាពេលនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ក្នុងឱកាសនោះដែរ លោក មាស សារ៉េតបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ពិសេសរដូវនេះ អាកាសធាតុក្ដៅ ការប្រើប្រាស់ភ្លើងទៀន ភ្លើងធូប ចរន្តអគ្គិសនីជាដើម បើយើងមានការធ្វេសប្រហែល នោះវាអាចបង្កនូវគ្រោះអគ្គិភ័យផ្សេងៗ ដែលនាំឱ្យមានការឆាបឆេះ ខូចខាត បាត់បង់នូវទ្រព្យសម្បត្តិ ទីជម្រក និងសម្ភារដ៏មានតម្លៃរបស់យើង ពិសេសជីវិតមនុស្ស និងសត្វផងដែរ។

គួរបញ្ជាក់ផងដែរថា គ្រោះអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ននៅភូមិ ឃុំ ខាងលើ កើតឡើងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៧.១៣នាទីព្រឹក បណ្តាលអោយឆេះផ្ទះចំនួន៣ខ្នង រួមមាន៖ ខ្នងទី១ ផ្ទះឈើប្រក់ស័ង្កសី ទំហ៊ំ៥.៥មx១២ម ដែលមានម្ចាស់ឈ្មោះ សេវ ស៊ីន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចារ៉ាយ មុខរបរ កសិករ។ ខ្នងទី២ ផ្ទះឈើប្រក់ស័ង្កសី ៥មx ១២ម ដែលមានម្ចាស់ឈ្មោះ រចំ ទួញ ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិចារ៉ាយមុខរបរ កសិករ។ ខ្នងទី៣ ផ្ទះឈើប្រក់ស័ង្កសី ៦មx ៨ម ដែលមានម្ចាស់ឈ្មោះ រចំ តាច ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចារ៉ាយមុខរបរ កសិករ រួមនឹងសម្ភារ: ទ្រព្យសម្បត្តិ ក្នុងផ្ទះទាំង៣ខ្នង ក្លាយជាចំណីអគ្គិភ័យ ទាំងស្រុង៕










Powered by Blogger.