អភិបាលខេត្តកំពត ៖ វិវាទដីធ្លីនឹងថយចុះ ឬបញ្ចប់ទាំងស្រុង ក្រោយប្រជាពលរដ្ឋមានបណ្ណកម្មសិទ្ធិបញ្ជាក់ដីស្របច្បាប់រៀងៗខ្លួន
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងថា ក្រោយពីមានការវាស់វែងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋរួចរាល់នោះ វិវាទដីធ្លី នឹងមានការថយចុះ ព្រោះពលរដ្ឋគ្រប់គ្នាមានបណ្ណកម្មសិទ្ធិដែលបញ្ជាក់ថា «ដីរបស់បងប្អូនជាដី ស្របច្បាប់ ពុំអាចមាននរណាមករំលោភបំពានបាននោះទេ»។
ថ្លែងក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុភូមិឈ្លីតក្រោម និងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង និងពិធីប្រកាសបិទផ្សាយ ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ភូមិត្រពាំងក្តារ ភូមិខ្ពស់ និងភូមិអូរឫស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេច បានគិតគូរជានិច្ចនូវរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសការបែងចែកដីធ្លីជូនពលរដ្ឋ អតីតយុទ្ធជន នៅទូទាំងប្រទេសក្រោយពេលបញ្ចប់សង្គ្រាម។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំបន្តរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច បានបន្តអនុវត្តន៍នូវគោលនយោបាយដីធ្លីដែលបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ហើយបានដាក់ចេញនូវកិច្ចចង្អុលការផ្ទាល់ និងជំរុញដល់អាជ្ញាធររាជធានី-ខេត្ត ក្រសួង និងមន្ទីរជំនាញឱ្យពន្លឿនក្នុងការចុះវាស់វែង និង ចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់បំផុត ស្របតាមផែនការ ដែលបានគ្រោងទុកដើម្បីឈាន ទៅសម្រេចបាននូវគោលនយោបាយដីធ្លី របស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។
ឯកឧត្តមអភិបាល ក៏បានរំលេចដែរថា ក្នុងរយៈពេលជាង ៤ឆ្នាំកន្លងមកនេះ ការដោះវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមបានប្រមាណជាង ៣ពាន់ករណី ហើយក្នុងនោះវិវាទ ដីធ្លីមានប្រមាណជាង ៨០ភាគរយនៃវិវាទទាំងអស់ ដោយសារដីធ្លីមួយចំនួនធំមិនទាន់មានបណ្ណកម្មសិទ្ធិត្រឹមត្រូវ ដែលនេះជាបញ្ហាបង្ក ឱ្យមានវិវាទនេះកើតឡើង។ ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថា ក្រោយពេលពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធិរួចរាល់ នោះបញ្ហាវិវាទដីធ្លីនឹងមានការថយចុះ ឬអាចឈានដល់បញ្ចប់ពុំមានវិវាទ ព្រោះម្នាក់ៗមានបណ្ណសំគាល់កម្មសិទ្ធិដីធ្លីស្របច្បាប់ ដោយពុំអាចមាននរណាម្នាក់មករំលោភបំពានបាននោះទេ៕







Post a Comment