ក្រសួងបរិស្ថាន និងធនាគារពិភពលោក បន្តកិច្ចសហប្រតិបត្តិការលើកកម្ពស់ជីវភាព និងភាពជាម្ចាស់ដល់សហគមន៍មូលដ្ឋាន
ភ្នំពេញ៖ «ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងជំរុញភាពជាម្ចាស់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ គឺជាជ្រុងនៃភាពបៃតង និងចីរភាព ដែលក្រសួងបរិស្ថានកំពុងតែ បានបោះជំហានទៅមុខជាបន្តបន្ទាប់»។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងប្រាប់លោក Christophe Crepin អ្នកគ្រប់គ្រងប្រចាំតំបន់ របស់ធនាគារពិភពលោក ទទួលបន្ទុកបរិស្ថាន និងធនធានធម្មជាតិតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅក្នុងឱកាសទទួលជួប សម្តែងការគួរសម និងពិភាក្សា លើកិច្ចសហប្រតិបត្តិការ គម្រោងនិរន្តរភាព តំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) និងពិនិត្យមើលលទ្ធផលបន្តកិច្ចសហការ គម្រោងគោលដៅបៃតង( Cam-GDP) និង គម្រោង បង្កើន/ពង្រីកសកម្មភាពឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (SCALE) នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
បានដាក់ចេញនូវផែនការជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ គោលដៅលម្ហែបៃតងជាច្រើនកន្លែង
ដោយធ្វើយ៉ាងណា « ការអភិវឌ្ឍន៍ត្រូវគិតគូរជីវភាពសហគមន៍ និង
អេកូទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ»។ ឯកឧត្តម
បានបន្ថែមថា ក្រសួងបរិស្ថាន បានកំពុងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ដូចជា
«តំបន់ខ្នងផ្សារ» តំបន់ទេសចរណ៍ផ្សារភ្ជាប់ជំនឿ
និងទំនៀមទម្លាប់ គឺ«តំបន់ទេរទឹកពុះ» និងតំបន់ឆ្នេរ
ជាកោះអព្យាក្រឹតកាបូនគឺ«កោះស្រឡៅ» សមិទ្ធផលទាំងអស់នេះ
ក្រសួងបានកំពុងពួតដៃគ្នា អនុវត្តយ៉ាងសកម្មជាមួយស្ថាប័នជាតិ សង្គមស៊ីវិល
និងអង្គការជាដៃគូជាច្រើន ហើយក្រសួងបរិស្ថាន សូមស្វាគមន៍ភាគីពាក់ព័ន្ធជាច្រើនទៀត
រួមគ្នាជាមួយក្រសួងបរិស្ថាន ជំរុញការអនុវត្តយុទ្ធសាស្រ្តវិស័យបរិស្ថាន
ផ្តោតលើភាពស្អាត បៃតង និងចីរភាព
ដែលជាសសរស្តម្ភរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ស្រមតាម
យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាផង។
កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការគ្រប់គ្រងបរិស្ថាន
បានកំពុងឆ្លើយតបរបស់កម្ពុជាជាមួយអន្តរជាតិ
ដើម្បីរួមចំណែកការប្រែប្រួលអាកាសធាតុផងដែរ។ ជាងនេះទៅទៀតក្រសួងបរិស្ថាន
បានកំពុងទទួលបាន នូវការគាំទ្រពីសិស្សានុសិស្ស ព្រះសង្ឃ និងសាធារណជនទូទាំងប្រទេស
ចំពោះ ភាពស្អាត តាមរយះ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក គឺយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ប្រមាណ
១៤លាននាក់ និងយុទ្ធនាការ « កម្ពុជាស្អាត ខ្មែរធ្វើបាន»
ប្រមាណ ៧,៥លាននាក់ផងដែរ។
គួរបញ្ជាក់ថា៖ ធនាគារពិភពលោក គឺជាដៃគូសហការដ៏សំខាន់ មួយរបស់ក្រសួងបរិស្ថាន ដែលបានចូលរួមជំរុញនិរន្តរភាពតំបន់ការពារទេសភាព អេកូទេសចរណ៍ និងការគ្រប់គ្រងសំណល់ តាមរយៈគម្រោងធ្វើឱ្យប្រសើរឡើង ការគ្រប់គ្រងសំណល់ប្លាស្ទិក និងសំណល់រឹង ដែលស្របទៅនឹងគោលនយោបាយគ្រប់គ្រងសំណល់រឹងទីប្រជុំជនរបស់កម្ពុជា ២០២០-២០៣០ និង គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដោយផ្តោតទៅលើការអភិរក្ស ធនធានធម្មជាតិ ការកាត់បន្តយការបំពុល និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានជាពិសេសសហគមន៍ជុំវិញតំបន់បឹងទន្លេសាប និងខេត្តសៀមរាប៕




Post a Comment