លោក អូន ខន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តបទុមគិរីព័ទ្ធ (វត្តលើ)
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ សាសនបក្សី និងពុទ្ធបរិស័ទចំណុះជើងវត្តបទុមគិរីព័ទ្ធ (ហៅវត្តលើ) បានរៀបចំពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ឧបដ្ឋានសាលា និងសមិទ្ធផលរូបវន្តនានា ស្ថិតក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាច និងលោកស្រី លោក សោម យ៉ាន ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច
តាមរបាយការណ៍សង្ខេប
ការកសាងឧបដ្ឋានសាលា និងសមិទ្ធផលផ្សេងៗក្នុងវត្ត គឺជាសក្ខីភាពបង្ហាញពីសាមគ្គីភាពរវាង
“ពុទ្ធចក្រ និងអាណាចក្រ” ដែលមានការចូលរួមយ៉ាងសកម្មពីសំណាក់សប្បុរសជនជិតឆ្ងាយ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ក្នុងឱកាសនោះ លោក
អូន ខន អភិបាលកំពង់ត្រាច បានថ្លែងនូវការកោតសរសើរចំពោះស្មារតីសាមគ្គីភាព ការរួបរួមកម្លាំងគ្នាកសាងសមិទ្ធផលដ៏ស្កឹមស្កៃនេះ
ទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។ លោកលើកឡើងថា សមិទ្ធផលទាំងនេះមិនត្រឹមតែបម្រើឱ្យវិស័យសាសនានោះទេ
ប៉ុន្តែក៏ជាចំណែកមួយក្នុងការបង្កើនសោភ័ណភាព និងការអភិវឌ្ឍក្នុងឃុំដំណាក់កន្ទួតខាងជើងផងដែរ។
ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានផ្ដាំផ្ញើឱ្យពុទ្ធបរិស័ទជួយថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស
ដើម្បីជាប្រយោជន៍យូរអង្វែង។
សូមជម្រាបថា ពិធីនេះបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងជ្រះថ្លាបំផុត តាមរយៈការវេរប្រគេនសមិទ្ធផលនានាដល់ព្រះសង្ឃ និងការរាប់បាតតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា។ នេះគឺជាជោគជ័យថ្មីមួយទៀតនៃរដ្ឋបាលស្រុកកំពង់ត្រាច ក្នុងការគាំទ្រដល់សេរីភាពជំនឿ និងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធសាសនា៕












Post a Comment