រដ្ឋមន្រ្តីព័ត៌មាន អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះព័ត៌មានលើបណ្តាញសង្គមដែលមិនមានប្រភពច្បាស់លាស់ ឬមិនមានការបញ្ជាក់ពីស្ថាប័នផ្លូវការ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីអំពាវនាវ ថា ក្នុងបរិបទដែលបណ្តាញសង្គមជាពិសេស facebook និង tiktok ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននិងជាមធ្យោបាយទទួលព័ត៌មានមួយយ៉ាងសំខាន់, មានក្រុម និងប្រភពព័ត៌មានមួយចំនួនដែលមានមូលដ្ឋានពីក្រៅប្រទេស កំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានបំភ្លៃ និងព័ត៌មានបំផ្លើស ដោយមានចេតនាបង្កការភាន់ច្រឡំ ជាពិសេសទាក់ទងនឹងសភាពការណ៍នៅតាមនៅតាមខេត្តបណ្តោយព្រំដែន បង្កភាពចលាចលក្នុងសង្គម និងប៉ះពាល់ដល់ស្ថិរភាពសាធារណៈ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់
បង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿ មិនត្រូវចែករំលែក
និងមិនត្រូវធ្វើការសន្និដ្ឋានលើព័ត៌មានណាមួយ ដែលមិនមានប្រភពច្បាស់លាស់
ឬមិនមានការបញ្ជាក់ពីស្ថាប័នផ្លូវការឡើយ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់
ជឿជាក់ និងតាមដានព័ត៌មានតែពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល
និងស្ថាប័នមានសមត្ថកិច្ច ដូចជា សេចក្តីប្រកាសផ្លូវការ ស្ថាប័នព័ត៌មានជាតិ
និងប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ និងគោរពតាមស្តង់ដារសារព័ត៌មាន។
ទន្ទឹមនឹងនេះ
សូមបងប្អូនចូលរួមជាដៃគូក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
ដោយត្រូវពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក (Think Before You
Share) និងរួមគ្នាការពារបរិយាកាសព័ត៌មានឱ្យមានភាពស្អាតស្អំ
តម្លាភាព និងទទួលខុសត្រូវ។ ការប្រុងប្រយ័ត្នរបស់បងប្អូន
គឺជាកម្លាំងសំខាន់ក្នុងការការពារសន្តិសុខព័ត៌មាន ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ៕

Post a Comment