គីម ជុងអ៊ុន ប្រកាសប្តេជ្ញាផ្តល់ការគាំទ្ររឹងមាំជានិច្ចចំពោះរុស្ស៉ី
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នាថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦នេះ បានចេញផ្សាយលិខិតមួយ ដែលនៅក្នុងនោះ មេដឹកនាំកំពូល លោក គីម ជុងអ៊ុន បានប្រកាសអះអាងថា ប្រទេសរបស់លោកនឹងគាំទ្ររុស្ស៉ីជានិច្ច។
លោក គីម បាននិយាយយ៉ាងដូច្នេះថា «ជាដំបូង ខ្ញុំសូមសម្តែងការអរគុណដោយស្មោះ
សម្រាប់ការចូលរួមអបអរសាទរដ៏កក់ក្តៅនិងដោយស្មោះ សម្រាប់ឱកាសដែលខ្ញុំបន្តកាន់តំណែងដែលមានកាតព្វកិច្ចដ៏ធ្ងន់
ក្នុងនាមជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ»។
សភាកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ទើបតែបានបោះឆ្នោតជ្រើសតាំងលោក គីម
ឱ្យបន្តធ្វើជាប្រធានគណៈកម្មាធិការខាងលើ
ដែលជាស្ថាប័នកំពូលទទួលបន្ទុកតាក់តែងគោលនយោបាយ និងដឹកនាំកិច្ចការងាររដ្ឋរបស់ប្រទេសកូរ៉េខាងជើង។
លោក គីម ជុងអ៊ុន បានបន្តថា «នាពេលនេះ កូរ៉េខាងជើងនិងរុស្ស៉ីកំពុងសហការគ្នាយ៉ាងជិតស្និទ្ធ
ដើម្បីការពារអធិបតេយ្យរបស់ប្រទេសទាំងពីរ។
ទីក្រុងព្យុងយ៉ាងនឹងនៅជាមួយទីក្រុងមូស្គូជានិច្ច។
នេះគឺជាជម្រើសនិងឆន្ទៈមិនរង្គោះរង្គើរបស់យើង»។
សូមជម្រាបថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ
មានភាពជិតស្និទ្ធខ្លាំងឡើង ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ដោយទីក្រុងព្យុងយ៉ាង
បានបញ្ជូនកងទ័ពនិងសព្វាវុធ ទៅជួយរុស្ស៉ី។ បើតាមចារកម្មកូរ៉េខាងត្បូង
កូរ៉េខាងជើងបានបញ្ជូនទាហានប្រហែលជាង ២ម៉ឺននាក់ទៅរុស្ស៉ី គិតចាប់តាំងពីខែតុលា
ឆ្នាំ២០២៤ ហើយយ៉ាងហោច ប្រហែល២០០០នាក់បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស
ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ កាលពីខែមិថុនា ឆ្នាំ២០២៤ លោក គីម
និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចុះសន្ធិសញ្ញា
ដែលតម្រូវឱ្យរដ្ឋទាំងពីរផ្តល់ជំនួយយោធាភ្លាមៗជួយគ្នា ក្នុងករណីភាគីណាមួយ
រងការវាយប្រហារ៕

Post a Comment