ក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧
ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពង់របស់លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ដើម្បីវាយតម្លៃលទ្ធផលពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧។
កម្មវិធីនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធនិម្មិត
ZOOM
ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន ក្រសួង ស្ថាប័ន
អង្គការ និងដៃគូអភិវឌ្ឍន៍ ជាពិសេសសមាគមនិយោជក
និងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត។
ថ្លែងក្នុងឱកាសនេះ
លោកស្រីរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា
សិក្ខាសាលានាពេលនេះមានសារៈសំខាន់បំផុតក្នុងការតាមដាន
និងបូកសរុបលទ្ធផលការងារដែលបានអនុវត្តអស់រយៈពេល ៣ឆ្នាំកន្លងមក
ក៏ដូចជាការប្រមូលធាតុចូលដើម្បីដោះស្រាយបញ្ហាប្រឈមនានាឱ្យកាន់តែមានប្រសិទ្ធភាព។
ការងារសុវត្ថិភាព និងសុខភាពការងារនេះ គឺជាផ្នែកមួយមិនអាចខ្វះបាននៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស
និងការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង
សំដៅប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ក្នុងស្មារតីជំរុញការអនុវត្តផែនការមេលើកទី៣
លោកជំទាវបានលើកឡើងពីយុទ្ធសាស្ត្រគន្លឹះចំនួន៦ ដែលក្រសួងកំពុងយកចិត្តទុកដាក់
ដោយក្នុងនោះរួមមាន ការរៀបចំក្របខ័ណ្ឌច្បាប់ និងគោលនយោបាយឱ្យស្របតាមបទដ្ឋានអន្តរជាតិ
ការបង្កើតហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទាំងថ្នាក់ជាតិ និងសហគ្រាស
ការពង្រឹងការអនុវត្តច្បាប់តាមរយៈអធិការកិច្ចការងារ
ការបង្កើនកិច្ចសហការរវាងនិយោជកនិងកម្មករនិយោជិត
ការលើកកម្ពស់បរិយាកាសការងារក្នុងសហគ្រាសខ្នាតតូចនិងមធ្យម និងការលុបបំបាត់ពលកម្មកុមារ
ព្រមទាំងការបង្ការជំងឺផ្សេងៗនៅកន្លែងធ្វើការ។
លោកស្រីបានបន្ថែមថា
ក្រសួងកំពុងពន្លឿនការកសាងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ
ក្រោមការជួយជ្រោមជ្រែងពីជំនាញការនៃសាធារណរដ្ឋកូរ៉េ និងអង្គការ ILO
ដើម្បីធានាបាននូវបរិយាកាសការងារល្អ និងបង្កើនផលិតភាពការងារ។
ក្រៅពីការរៀបចំច្បាប់
ក្រសួងក៏បានដាក់ចេញនូវកម្មវិធីគាំទ្រជាក់ស្តែងជាច្រើនដើម្បីដោះស្រាយបញ្ហាឱ្យដល់មូលដ្ឋាន។
ជាមួយគ្នានេះ
លោកស្រីបានរំលេចនូវយន្តការប្រកួតប្រជែងពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» និងកម្មវិធីកែលម្អរបៀបធ្វើការជាច្រើនទៀតដូចជា
កម្មវិធី WISH សម្រាប់អ្នកធ្វើការតាមផ្ទះ កម្មវិធី WISE
សម្រាប់សហគ្រាស កម្មវិធី WIND សម្រាប់តាមភូមិដ្ឋាន
និងកម្មវិធីដទៃទៀតដែលគ្របដណ្តប់ទាំងផ្នែកសំណង់ យុវជន និងការគ្រប់គ្រងកាកសំណល់។
កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់
ដើម្បីធានាថាគ្មានកម្មករនិយោជិតណាម្នាក់ត្រូវបានបោះបង់ចោល
ទោះបីជាពួកគេស្ថិតក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធក៏ដោយ។
ដើម្បីឱ្យការអនុវត្តការងារបន្តទៅមុខដោយជោគជ័យ
លោកស្រីបានផ្តល់អនុសាសន៍ឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ
បន្តកសាងសមត្ថភាពមន្ត្រីអធិការកិច្ចឱ្យមានជំនាញច្បាស់លាស់
និងត្រូវបង្កើតប្រព័ន្ធរាយការណ៍ទិន្នន័យសុវត្ថិភាពការងារឱ្យបានរឹងមាំសម្រាប់ជាមូលដ្ឋានក្នុងការដាក់ចេញគោលនយោបាយនាពេលអនាគត៕






Post a Comment