អាស៊ី នាំចូលប្រេងរុស្ស៉ីជាប់ទណ្ឌកម្មច្រើនជាងគេ ក្រោយអាមេរិកទុកពេលឱ្យទិញរយៈពេល ៣០ថ្ងៃ
បរទេស៖ ទិន្នន័យដឹកជញ្ជូនបង្ហាញថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា អាស៊ីនាំចូលប្រេងឥន្ធនៈរុស្ស៉ីសម្រាប់ខែមីនា ក្នុងបរិមាណខ្ពស់បំផុតមិនធ្លាប់មាន ក្រោយសហរដ្ឋអាមេរិក ផ្តល់ការលើកលែងមួយចំនួនលើប្រេងរុស្ស៉ីជាប់ទណ្ឌកម្ម ដើម្បីសម្រួលដល់វិបត្តិបង្កឡើងដោយសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។
ការហូរចូលនេះ
នឹងជួយបន្ធូរបន្ថយក្តីបារម្ភខ្លះអំពីការផ្គត់ផ្គង់ដែលប្រេង បន្ទាប់ពីសង្គ្រាមរារាំងដល់ការដឹកជញ្ជូន
ឆ្លងកាត់ច្រកសមុទ្រ Hormuz និងការផ្អាកប្រតិបត្តិការរោងចក្រចម្រាញ់ប្រេង
នៅក្នុងតំបន់បានបញ្ឈប់។ គេហទំព័រតាមដានចរាចរណ៍នាវា Kpler និង
LSEG បានឱ្យដឹងថា អាស៊ីត្រូវបានគេរំពឹងថា
នឹងទទួលបានប្រេងឥន្ធនៈរុស្ស៉ី ជាង ៦១៥ ០០០បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែនេះ។
ពាណិជ្ជករនិយាយថា តំបន់អាស៉ីអាគ្នេយ៍
អាចនឹងក្លាយជាអ្នកទទួលបានច្រើនជាងគេ ដោយប្រេងប្រហែល ១.៧លានបារ៉ែលទៅ ១.៩លានបារ៉ែល
នឹងទៅដល់សិង្ហបុរី និងម៉ាឡេស៊ីនៅខែនេះ។ ក្នុងរយៈពេលដដែលនេះ
ចិនគឺជាអ្នកទិញធំជាងគេបន្ទាប់ ដោយមានប្រមាណ១.២លានបារ៉ែល ទៅ ១.៥លានបារ៉ែល
ក្នុងខែនេះ។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមីនា
សហរដ្ឋអាមេរិកបានចេញការលើកលែងរយៈពេល ៣០ថ្ងៃ ឱ្យប្រទេសនានា អាចទិញប្រេងឥន្ធនៈ
និងផលិតផលប្រេងកាតរបស់រុស្ស៉ី ដែលជាប់គាំងនៅលើសមុទ្រក្រោមទណ្ឌកម្មលោកខាងលិច
ជុំវិញសង្រ្គាមនៅអ៊ុយក្រែន៕ (Reuters)

Post a Comment