អ៊ីរ៉ង់ វាយប្រហារលើទីតាំងថាមពលនៅទូទាំងតំបន់ឈូងសមុទ្រ បន្ថែមភាពចលាចលលើទីផ្សារថាមពល

តេហេរ៉ង់៖ អ៊ីរ៉ង់បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ឈូងសមុទ្រ ហើយគំរាមថានឹងវាយប្រហារដ៏បំផ្លិចបំផ្លាញបន្ថែមទៀត បន្ទាប់ពីរោងចក្រឧស្ម័នដ៏សំខាន់មួយរបស់ខ្លួនរងការវាយប្រហារ ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីការកើនឡើងការវាយប្រហារលើការផ្គត់ផ្គង់ប្រេង ដែលបានធ្វើឱ្យទីផ្សារថាមពលពិភពលោកចលាចលរួចទៅហើយនោះ។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កងកម្លាំងឆ្មាំបដិវត្តន៍អីរ៉ង់បានគំរាមនឹងបើកការវាយប្រហារយ៉ាងខ្លាំងក្លាបន្ថែមទៀត ប្រសិនបើវិស័យថាមពលរបស់ខ្លួនរងការវាយប្រហារសាជាថ្មី។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានដច្នេះ «យើងព្រមានអ្នកជាថ្មី ថាអ្នកកំពុងប្រព្រឹត្តកំហុសដ៏ធំក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ ប្រសិនបើមានការវាយប្រហារជាថ្មី នោះការវាយប្រហារ បន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ្នក និងរបស់សម្ព័ន្ធមិត្តរបស់អ្នកនឹងមិនបញ្ឈប់នោះទេ រហូតទាល់តែហេដ្ឋារចនាសម្ព័ន្ធទាំងនោះត្រូវបានកម្ទេចទាំងស្រុង»

សូមជម្រាបថា អ៊ីរ៉ងបានចោទប្រកាន់ថាអ៊ីស្រាអែលជាអ្នកវាយប្រហារលើរោងចក្រឧស្ម័ន South Pars។ អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ រីឯក្រុមមន្ត្រីអាមេរិក បាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានដឹងពីការវាយប្រហារលើរោងចក្រឧស្ម័នរបស់អ៊ីរ៉ង់ តែមិនបានចូលរួមពាក់ព័ន្ធឡើយ៕ (AFP)



 

Powered by Blogger.