UNESCO បញ្ជាក់ជំហរគាំទ្រកម្ពុជា លើកកម្ពស់ទេសចរណ៍បេតិកភណ្ឌ និងរៀបចំព្រឹត្តិការណ៍ខួប ៧៥ឆ្នាំនៃសមាជិកភាព
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបនេះ លោក Flavio
Bonetti បានគូសបញ្ជាក់ពី ការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុង
ការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលជាសក្តានុពលដ៏សម្បូរបែប
និងជាគោលដៅទេសចរណ៍ដ៏ខ្លាំងក្លាដែលកម្ពុជាមាន។
កិច្ចពិភាក្សាបានលើកឡើងពី កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសដល់ក្រសួងទេសចរណ៍លើការចុះបញ្ជីបណ្តាញទីក្រុងច្នៃប្រឌិតរបស់
UNESCO
ដោយបានលើកឡើងពីភាពជោគជ័យរបស់ទីក្រុងបាត់ដំបងដែលជាប់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ
ព្រមទាំងពិចារណាលើការគាំទ្រខេត្តផ្សេងៗ នាពេលអនាគត ព្រមទាំងពិភាក្សាអំពី ការគ្រប់គ្រង
និងអភិវឌ្ឍតំបន់បេតិកភណ្ឌពិភពលោក ដូចជាប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារ
ដោយផ្តោតលើការអភិរក្សតម្លៃសកលដ៏អស្ចារ្យឱ្យបានគង់វង្ស និងឋិតឋេរ
សម្រាប់ជាគោលដៅទេសចរណ៍បេតិកភណ្ឌ។
ជាកិច្ចឆ្លើយតប រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ
វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោក Flavio Bonetti និងសហការីរបស់អង្គការសហប្រជាជាតិ UNESCO ប្រចាំកម្ពុជា
ចំពោះការគាំទ្រ
និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍រហូតមកក្នុងការលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍វប្បធម៌
បេតិកភណ្ឌ និងធម្មជាតិ ប្រកបដោយចីរភាព ស្របតាមស្តង់ដាអន្តរជាតិ
និងបរិបទជាក់លាក់របស់កម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើម
និងកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្ត និងគ្រោងអនុវត្តនានា
ដែលជាចំណែកសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
រដ្ឋមន្ត្រី ហួត ហាក់
បានស្នើសុំការគាំទ្របន្ថែមពី UNESCO ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ
ការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌជាពិសេស
និងបន្ទាន់គឺប្រាសាទព្រះវិហារ។
លោករដ្ឋមន្រ្តី
ក៏បានស្នើជំនួយបច្ចេកទេសដល់ក្រសួងទេសចរណ៍ ក្នុងការចុះបញ្ជីទីក្រុងកំពត
ទីរួមខេត្តក្រចេះ និងខេត្តរតនគិរីក្នុងបណ្តាញទីក្រុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO
ព្រមទាំងការបញ្ចូលវិស័យទេសចរណ៍ជាមូលបទសំខាន់មួយក្នុងអបអរសាទរខួបលើកទី៧៥
នៃការចូលជាសមាជិក UNESCO របស់កម្ពុជា នាឆ្នាំ២០២៦។
គួរបញ្ជាក់ផងដែរថា
ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការ UNESCO តាំងពីឆ្នាំ១៩៥១
ដែលគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេល ៧៥ឆ្នាំ ហើយក៏ជាខួបលើកទី៣៥ នៃការបើកការិយាល័យ UNESCO
ប្រចាំកម្ពុជាឡើងវិញនាឆ្នាំ១៩៩១៕






Post a Comment