ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក ទៅបំពេញទស្សនកិច្ចនៅកោះ Greenland ដើម្បីជួសជុលទំនាក់ទំនងឡើងវិញ
បរទេស៖ ប្រតិភូសមាជិកព្រឹទ្ធសភានៃសហរដ្ឋអាមេរិក នាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ បានមកបំពេញទស្សនកិច្ចនៅកោះ Greenland ក្នុងគោលបំណងកសាងការជឿទុកចិត្តគ្នាឡើងវិញ បន្ទាប់ពីវាបានរងការខូចខាតដោយសារតែ ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់គ្រប់គ្រងកាន់កាប់ដែនកោះតំបន់អាកទិកមួយនេះ។
លោកប្រធានាធិបតីអាមេរិក
បានបង្កឱ្យមានការព្រួយបារម្ភជាខ្លាំង ក្នុងចំណោមសម្ព័ន្ធមិត្តនៅអឺរ៉ុប
ដោយសារការព្រមានម្តងហើយម្តងទៀតរបស់លោក ដើម្បីគ្រប់គ្រង Greenland
ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ក្រោមហេតុផលការគំរាមកំហែងសន្តិសុខពីសំណាក់រុស្ស៉ីនិងចិន។
លោក ត្រាំ ថែមទាំងធ្លាប់បានគំរាមថា បើចាំបាច់គឺលោកអាចនឹងប្រើកម្លាំងយោធា។
សមាជិកព្រឹទ្ធសភាអាមេរិកនៃបក្សសាធារណរដ្ឋ
លោកស្រី Lisa
Murkowski បាននិយាយថា «ដោយសារសម្តីប៉ុន្មានម៉ាត់
និងប្រយោគប៉ុន្មានឃ្លា ការជឿទុកចិត្តគ្នា
ដែលត្រូវបានខិតខំកសាងតាំងតែពីសម័យសង្រ្គាមលោកលើកទី២ បានរងការខូចខាត
ដូច្នេះហើយយើងត្រូវកសាងការជឿទុកចិត្តនោះឡើងវិញ»។
សូមជម្រាបថា កាលពីខែមករា លោក ត្រាំ
បានសម្រេចដកចេញវិញនូវការគំរាមរបស់លោក ក្រោយអះអាងថា បានឈានដល់ការព្រមព្រៀងគោលមួយ
ជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark
Rutte ដើម្បីធានាថា សហរដ្ឋអាមេរិកនឹងមានឥទ្ធិពលធំជាងមុនពាក់ព័ន្ធ Greenland។ ជាមួយគ្នានេះ ក្រុមការងារអាមេរិក-ដាណឺម៉ាក-Greenland ក៏ត្រូវបានបង្កើតឡើងផងដែរ
ដើម្បីដោះស្រាយក្តីកង្វល់សន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោន នៅតំបន់អាកទិក
ប៉ុន្តែព័ត៌មានលម្អិត មិនទាន់ត្រូវបានបង្ហាញជាសាធារណៈទេ៕ (AFP)

Post a Comment