ឯកអគ្គរាជជប៉ុន នឹងនាំសារពិតពីស្ថានភាពដែនកម្ពុជា-ថៃ ជូនរដ្ឋាភិបាល នៅទីក្រុងតូក្យូ
ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសវនការរបស់ គ.ស.ម.ក.។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី
បានសម្ដែងនូវការកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន លើវិស័យសិទ្ធិមនុស្ស
នីតិរដ្ឋ និងសណ្ដាប់ធ្នាប់តំបន់និងពិភពលោក។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី
បានគូសបញ្ជាក់ថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
យ៉ាងណាក៏ដោយ ក៏ជនភៀសសឹកប្រមាណជា ៩ម៉ឺននាក់
មិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានខ្លួនវិញដោយសុវត្ថិភាពនោះទេ ដោយសារតែយោធាថៃបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់
និងធ្វើសកម្មភាពរារាំងផ្សេងៗ ដូចជា ការដាក់ពង្រាយបន្លាលួសនិងទូកុងតឺន័រ ជាដើម។
សកម្មភាពទាំងនេះ គឺផ្ទុយទាំងស្រុងទៅនឹងខ្លឹមសារចំណុចទី៤ នៃកិច្ចព្រមព្រៀងបទឈប់បាញ់
ដែលបានចែងថា៖ “ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែន
ដែលរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ
ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
នៅក្នុងតំបន់រៀងៗខ្លួន”។ សកម្មភាពទាំងអស់នេះ
ក៏បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានបរស់ជនភៀសសឹក
ជាពិសេសស្រ្តី កុមារ ទារក មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព
ក្នុងការទទួលបានសិទ្ធិអប់រំ ការថែទាំសុខភាព សិទ្ធិទទួលបានលំនៅឋានសមរម្យ
និងសេរីភាពក្នុងការធ្វើដំណើរ ផងដែរ។
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី
បានលើកឡើងពីការឈ្លានពានពីយោធាថៃ ដោយបានប្រើប្រាស់អាវុធគ្រប់ធុន រួមមាន
គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16, Gripen និង T-50 វាយប្រហារដោយមិនរើសគោលដៅមកលើប្រជាជនស៊ីវិល
បំផ្លិចបំផ្លាញផ្ទះសម្បែងជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន
មន្ទីរពេទ្យ ប្រាសាទបុរាណ ជាពិសេស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ការបំផ្លាញរូបសំណាកសាសនា ការលួចទ្រព្យសម្បត្តិ
និងការសាងសង់សំណង់ថ្មីៗក្នុងគោលបំណងបង្កើតអត្តសញ្ញាណថ្មីលើដែនអធិបតេយ្យភាពកម្ពុជា
ផងដែរ។
ជាងនេះទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី
ក៏បានលើកឡើងថា ទោះបីជាសណ្តាប់ធ្នាប់ពិភពលោក ធ្លាក់ចុះយ៉ាងណាក៏ដោយ
ក៏ឯកឧត្តមទេសរដ្ឋមន្រ្តី នៅតែជឿជាក់ថាការដោះស្រាយជម្លោះ
ការស្វែងរកនិងទទួលបានយុត្តិធម៌ ព្រមទាំងការទទួលសន្តិភាពយូរអង្វែង
ត្រូវផ្អែកលើយន្តការនិងច្បាប់អន្តរជាតិ។ ឯកឧត្តម
មានជំនឿជាក់លើសមត្ថភាពនិងតួនាទីដ៏សំខាន់ប្រទេសជប៉ុន ក្នុងការជំរុញឱ្យភាគីថៃ
ចូលរួមដោះស្រាយបញ្ហានេះស្របតាមយន្ដការ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាការឆ្លើយតប ឯកឧត្តម Ueno Atsushi នឹងជម្រាបជូនរដ្ឋាភិបាលនៅទីក្រុងតូក្យូ ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយមនុស្សធម៌ទៅដល់ជនភៀសសឹកនៅតាមព្រំដែន ដែលរងផលប៉ះពាល់ពីជម្លោះនេះ ដើម្បីរួមចំណែកចែករំលែកការលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជនភៀសសឹក ដែលជានិច្ចកាលភាគីមិត្តជប៉ុនតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក៕


Post a Comment