អាមេរិកនៅតែចង់កាន់កាប់ «ហ្គ្រីនឡែន» ទោះបីមានកិច្ចចរចាក៏ដោយ

អូស្លូ៖ នាយករដ្ឋមន្ត្រីហ្គ្រីនឡែន លោក ជេនស៍-ហ្វ្រេដេរិក នៀលសិន (Jens-Frederik Nielsen) បានថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនៅតែមានបំណងចង់កាន់កាប់កោះហ្គ្រីនឡែនដដែល បើទោះបីជាទំនាក់ទំនងការទូតត្រូវបានស្តារឡើងវិញក៏ដោយ។

លោក នៀលសិន បានបញ្ជាក់ថា ការប្រាស្រ័យទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោនត្រូវបានបង្កើតឡើងវិញតាមផ្លូវការ ហើយក្រុមការងាររួមបានបើកកិច្ចប្រជុំលើកដំបូងរួចហើយ។ លោកបានកត់សម្គាល់ថា «ឥឡូវនេះ យើងអាចឈប់វាយប្រហារគ្នា តាមរយៈសារព័ត៌មានបានហើយ»

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា «អធិបតេយ្យភាពគឺជាបន្ទាត់ក្រហមដែលមិនអាចចរចាបាន»។ លោកបានបន្ថែមថា ហ្គ្រីនឡែននៅតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិជាមួយសហរដ្ឋអាមេរិក នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងដែលមានស្រាប់ ប៉ុន្តែអាស្រ័យលើចេតនាពិតប្រាកដរបស់អាមេរិក។

សូមជម្រាបថា ចាប់តាំងពីត្រឡប់មកកាន់សេតវិមានវិញនៅឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងបំណងចង់ «ទទួលបាន» កោះហ្គ្រីនឡែន ដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាកជាច្រើនលើក ដែលបង្កឱ្យមានការតវ៉ាពីអឺរ៉ុប៕



 

Powered by Blogger.