ព្រិលធ្លាក់ខ្លាំងនៅប្រទេសជប៉ុន បណ្តាលឱ្យមនុស្ស៣០នាក់បាត់បង់ជីវិត
តូក្យូ៖ នាថ្ងៃអង្គារ ទី៣ ខែកុម្ភៈ អាជ្ញាធរនៅប្រទេសជប៉ុន បានឱ្យដឹងថា ការធ្លាក់ព្រិលខ្លាំងខុសប្លែកពីធម្មតា បានបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិតយ៉ាងហោច៣០នាក់ ក្នុងរយៈពេលប្រមាណជា២សប្តាហ៍មកនេះ។
រដ្ឋាភិបាលជប៉ុន
បានសម្រេចដាក់ពង្រាយកងទ័ព ដើម្បីទៅជួយអ្នកស្រុកនៃខេត្ត Aomori ដែលជាតំបន់រងគ្រោះធ្ងន់ជាងគេ ដោយនៅទីនោះ
កន្លែងដាច់ស្រយាលមួយចំនួន មានគំនរព្រិលកម្ពស់រហូតដល់៤.៥ម៉ែត្រពីដី។
នាថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពិសេសមួយ
ដើម្បីបង្គាប់ឱ្យក្រុមរដ្ឋមន្រ្តីរបស់លោកស្រី ប្រឹងប្រែងអស់ពីលទ្ធភាព
ដើម្បីទប់ស្កាត់ការស្លាប់និងឧបទ្ទវហេតុផ្សេងៗ។
បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន
គិតចាប់តាំងពីថ្ងៃទី២០ ខែមករា មកទល់ថ្ងៃអង្គារនេះ មនុស្ស៣០នាក់បានស្លាប់
ដោយសារតែព្រិលធ្លាក់ខ្លាំង ក្នុងនោះរួមមានទាំងលោកយាយអាយុ៩១ឆ្នាំម្នាក់
ដែលត្រូវគំនរព្រិលធ្លាក់ពីដំបូលផ្ទះសង្កត់លើ។
អភិបាលខេត្ត Aomori លោក Soichiro Miyashita កាលពីថ្ងៃចន្ទ
បានឱ្យដឹងថា រូបលោកបានស្នើឱ្យយោធាជប៉ុន ចូលរួមផ្តល់ការជួយសង្រ្គោះ
ហើយលោកក៏បានស្នើឱ្យកងទ័ពជួយជនចាស់ជរាក្នុងតំបន់ ដែលរស់នៅតែឯង
ហើយត្រូវការគេជួយឈូសព្រិលចេញផងដែរ៕ (AFP)

Post a Comment