អាមេរិកផ្តល់ជំនួយ ៥លានដុល្លារ សម្រាប់សកម្មភាពបោសសម្អាតមីន និងគ្រាប់បែកចង្កោមនៅកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក Hans Peter Risser ប្រធានអង្គការ NPA របស់អាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូ CMAC និងអង្គការNPA ក្រោមគម្រោង «ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា»។
ពិធីនេះមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់លោកស្រី
Kelly
Saltzman សហការីផ្នែកនយោបាយ
នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា
បានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានគាំទ្រគម្រោងដ៏មានសារសំខាន់នេះ
និងសូមសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធានាធិបតី Donald
J Trump រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាម៉េរិក ជាពិសេសអង្គការ NPA
ដែលបានបន្តគាំទ្រយ៉ាងសកម្មដល់សកម្មភាពមីន
និងការអភិវឌ្ឍន៍នៅកម្ពុជា។
បើតាម CMAC, តាមរយៈការអនុវត្តគម្រោងកម្មវិធីការស្រាវជ្រាវ
និងបោសសម្អាតគ្រាប់បែកចង្កោម ការបោសសម្អាតមីន
និងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់ សម្រាប់រយៈពេល ១៨ខែ ចាប់ពីថ្ងៃទី០១
ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៧
ដែលមានថវិកាគាំទ្រគម្រោងសរុបចំនួន ៥ ០០០ ០០០ដុល្លារ ដែលក្នុងនោះអង្គភាព CMAC
បានទទួលថវិកាចំនួន ៤ ០០០ ០០០ដុល្លារអាម៉េរិក និងអង្គការ NPA
បានទទួលថវិកាចំនួន ១ ០០០ ០០០ដុលា្លរអាម៉េរិក។
គម្រោងនេះជួយគាំទ្រកម្លាំងជំនាញអង្គភាព CMAC
ចំនួនប្រមាណជិត ៣០០នាក់ ក្នុងកងឯកភាពកំចាត់មីនចំនួន២
នៅទិសខេត្តត្បូងឃ្មុំ និងទិសខេត្តឧត្តរមានជ័យ ដែលទទួលបន្ទុកប្រតិបត្តិការដោយផ្ទាល់។
សូមជម្រាបថា
គម្រោងនេះមានគោលបំណងលុបបំបាត់ហានិភ័យបង្កដោយគ្រាប់មីន
និងសំណល់ជាតិផ្ទុះឱ្យមានប្រសិទ្ធភាព ស្តារជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍
ដែលរងផលប៉ះពាល់ ជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាព។
សូមបញ្ជាក់ថា សង្គ្រាមសៀមឈ្លានពានក្នុងឆ្នាំ២០២៥
កន្លងទៅនេះ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ដោយសារគ្រាប់បែកចង្កោម
គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី
និងគ្រាប់យុទ្ធភណ្ឌទូទៅ គំរាមកំហែងសុខសុវត្ថិភាពលើផ្ទៃដីចំនួនប្រមាណ ៤៤១
៥៩៥ហិកតា ក្នុងភូមិសាស្ត្រនៃភូមិចំនួន៣៤០ មានចំនួនជាង ៩១ ៤១១គ្រួសារ
ស្មើនឹងមនុស្សរាយជិត ៣៦៤ ៦៩៤នាក់ ក្នុង៧ខេត្តតាមបណ្តោយព្រំដែនកម្ពុជា-សៀម។
គម្រោងនេះត្រូវអនុវត្តដោយផ្តោតជាសំខាន់នៅខេត្តឧត្តរមានជ័យ
ដែលមានផ្ទៃដីសង្ស័យរងផលប៉ះពាល់ចំនួន ៤០ ៤០០ហិកតា ស្ថិតក្នុងភូមិចំនួន១៤៥។
ទន្ទឹមនឹងជំនួយនេះ
រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ការគាំទ្រលើការងារសម្ភារបច្ចេកទេស
និងពង្រឹងសមត្ថភាពធនធានមនុស្សផងដែរ។
ក្នុងស្មារតីសប្បុរសធម៌ ការគាំទ្រដ៏ថ្លៃថ្លា
និងការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុតទាំងនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់
ដើម្បីឱ្យអង្គភាព CMAC អាចបន្តបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ
ដើម្បីសង្គ្រោះអាយុជីវិត និងរួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន
និងប្រកបដោយចីរភាព៕





Post a Comment