លោក តូ ឡឹម អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់វៀតណាម នាពេលបច្ចុប្បន្ន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយថ្ងៃ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងថា
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា
ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានឱ្យដឹងទៀតថា
ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យលោកអគ្គលេខាធិការបក្ស
តូឡឹម ចូលគាល់ដើម្បីធ្វើសវនការ
និងប្រោសប្រទានពិធីលៀងសាយភោជន៍ជាកិត្តិយសជូនលោកអគ្គលេខាធិការបក្សនៅព្រះបរមរាជវាំង។
ជាមួយគ្នានេះសម្តេចព្រះមហាក្សត្រី នរោត្តម
មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក៏សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យលោក តូ ឡឹម
ចូលគាល់ និងធ្វើសវនការនៅព្រះរាជដំណាក់ផងដែរ ។
លោកអគ្គលេខាធិការបក្ស
គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប
ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»
អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
និងមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។
លោក តូ ឡឹម ក៏នឹងមានជំនួបកំពូលជាមួយសម្តេចតេជោ
ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
ក្រៅពីកម្មវិធីការងារក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋហើយនោះ លោក តូ ឡឹម
ក៏នឹងមានកម្មវិធីក្នុងក្របខណ្ឌបក្សនយោបាយផងដែរ។
ក្នុងក្របខណ្ឌបក្សនយោបាយ លោក តូ ឡឹម
នឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន
ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។ ហើយក៏មានជំនួបត្រីភាគីរវាងសម្តេចតេជោ
ហ៊ុន សែន,
លោក តូ ឡឹម និងលោក ថងលូន ស៊ីសូលីត
អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ។
បន្ថែមពីលើនោះ លោក តូ ឡឹម និងសម្តេចតេជោ ហ៊ុន
សែន
ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាសិក្សានៅសាលារៀនមួយកន្លែងក្នុងខណ្ឌដង្កោ
ដែលជាជំនួយរបស់ប្រទេសវៀតណាមផងដែរ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកអគ្គលេខាធិការ
តូ ឡឹម ត្រូវបានក្រសួងការបរទេសកម្ពុជា ចាត់ទុកជាការពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា
និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង
និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក
ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី
កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕





Post a Comment