អូស្រ្តាលីគ្រោងចំណាយ ២.៧ពាន់លានដុល្លារអាមេរិក ជំរុញកិច្ចប្រឹងប្រែងឆ្ពោះទៅផលិតនាវាមុជទឹកនុយក្លេអ៊ែរ
កង់បេរ៉ា៖ នាយករដ្ឋមន្រ្តី អូស្រ្តាលីលោក Anthony Albanese បាននិយាយថា ខ្លួននឹងចំណាយថវិកា ៣.៩ពាន់ លានដុល្លារអូស្រ្តាលី ឬស្មើនឹង២.៧៦លានដុល្លារអាមេរិក ដើម្បីជំរុញដំណើរការសាងសង់រោងចក្រផលិតនាវាមួយកន្លែង ដែលនឹងជួយដល់ការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមកិច្ចព្រមព្រៀងការពារជាតិត្រីភាគី AUKUS ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ដោយត្រូវបានប្រកាសតាំងពីឆ្នាំ២០២១ AUKUS
គឺជាការវិនិយោគធំបំផុតរបស់អូស្រ្តាលីក្នុងវិស័យការពារជាតិ
ហើយនៅក្រោមកិច្ចព្រមព្រៀងនោះ នឹងឃើញនាវាមុជទឹកថ្នាក់ Virginia-class បញ្ជាដោយអាមេរិក ឈរជើងនៅអូស្រ្តាលីចាប់ពីឆ្នាំ២០២៧, នាវាមុជទឹក Virginia ប៉ុន្មានគ្រឿង នឹងត្រូវលក់ឱ្យអូស្រ្តាលី
នៅអំឡុងឆ្នាំ២០៣០ ហើយអង់គ្លេសនិងអូស្រ្តាលី
រួមគ្នាសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្នាក់ថ្មីសន្លាងមួយ។
លោក Anthony Albanese បានចាត់ទុកថវិកាខាងលើជាកញ្ចប់ថវិកាដំបូង
ក្នុងកិច្ចប្រឹងប្រែងសាងសង់រោងចក្រផលិតនាវាថ្មីមួយកន្លែង នៅតំបន់ Osborne ដែលស្ថិតក្នុងរដ្ឋ South Australia។ លោក Albanese
បាននិយាយថា ការវិនិយោគក្នុងរោងចក្រផលិតនាវាមុជទឹកនេះ
គឺមានសារសំខាន់ជាខ្លាំងដើម្បីនាំមកនូវ
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អូស្រ្តាលី។ បើតាមលោក Albanese ការវាយតម្លៃផ្លូវការនៃទំហំការចំណាយសរុប លើការសាងសង់រោងចក្រនោះ
គឺខ្ទង់៣០ពាន់លានដុល្លារអូស្រ្តាលី សម្រាប់អំឡុងពេលប៉ុន្មានទសវត្សរ៍ខាងមុខ។
សូមជម្រាបថា
ការសាងសង់កងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់អូស្រ្តាលី
គឺជាធាតុផ្សំស្នូលនៃកិច្ចព្រមព្រៀង AUKUS ហើយនៅលើពិភពលោក
មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការនាវាមុជទឹកប្រភេទនេះ៕ (Reuters)

Post a Comment