សម្តេចធិបតី តែងតែលើកឡើង ពីបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងរាល់ជំនួបជាមួយភាគី អន្តរជាតិ នៅអាម៉េរិក
ភ្នំពេញ៖ នៅលើទឹកដីសហរដ្ឋអាមេរិក ទីដែលសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃ «ក្រុមប្រឹក្សាសន្តិភាព» នៅក្នុងឱកាសនោះ សម្តេចក៏បានអញ្ជើញជួបពិភាក្សាការងារផ្លាស់ប្តូរទស្សនៈគ្នាជាមួយ មេដឹកនាំប្រទេសជាច្រើនរូប និងឥស្សរជនជាន់ខ្ពស់សំខាន់ៗរបស់សហរដ្ឋអាមេរិកជាច្រើនរូបទៀតផង។ ក្នុងរាល់ជំនួបពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជម្រាបជូនសមភាគីទាំងអស់អំពីស្ថានការណ៍ពិតនៅតាមព្រំដែនកម្ពុជាថៃ ត្រូវបានភាគីថៃឈ្លានពានចូលកាន់កាប់ទឹកដីកម្ពុជា ហើយសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា។
សេចក្តីប្រកាសផ្លូវការរបស់ក្រសួងការបរទេស
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា «សម្តេចធិបតីនាយករដ្ឋមន្ត្រី
ហ៊ុន ម៉ាណែត បានជម្រាបជូនសមភាគី អំពីស្ថានការណ៍នៅតាមបណ្ដោយព្រំដែន កម្ពុជាថៃ
ដោយបានសង្កត់ធ្ងន់ថា សន្តិភាពនៅតែជាគុណតម្លៃស្នូលរបស់កម្ពុជា។ ក្នុងន័យនេះ
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានការអនុវត្តយ៉ាងពេញលេញ
និងដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងកម្ពុជា-ថៃ
ការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់ អន្តរជាតិ និងសន្ធិសញ្ញា កិច្ចព្រមព្រៀង
ដែលមានស្រាប់ ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅផ្ទះសម្បែង និងរស់នៅដោយសុវត្ថិភាព
និងការមិនគំរាម ឬប្រើប្រាស់កម្លាំង»។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្លាស់ប្តូរទស្សនៈជាមួយ លោក Viktor
Orbán នាយករដ្ឋមន្ត្រីហុងគ្រី លើបញ្ហាដែលជាចំណាប់អារម្មណ៍រួម។
ភាគីទាំងពីរបាន
គូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីជាពិសេស
ខណៈកម្ពុជា និងហុងគ្រីអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាជាមួយលោក
Prabowo
Subianto ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោក តូ ឡាំ
អគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម និងថ្នាក់ដឹកនាំដទៃទៀត។
ក្នុងអំឡុងស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់នៃរដ្ឋបាល
សហរដ្ឋអាម៉េរិកមួយចំនួន។ ក្នុងជំនួបជាមួយ អគ្គរដ្ឋទូត Jamieson
Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (US Trade Representative)
លោកអគ្គរដ្ឋទូត Greer បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា
ក្នុងការជំនួញទំនាក់ទំនងទ្វេភាគីកម្ពុជា-អាម៉េរិកឱ្យកាន់តែរីកចម្រើនជាលំដាប់
ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ដែលពាណិជ្ជកម្មទ្វេភាគីបានកើនដល់២៩% នៅឆ្នាំ២០២៥
ហើយការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។
ក្នុងជំនួបជាមួយឯកឧត្តម Christoper
Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក
ភាគីទាំងពីរបានស្វាគមន៍ចំពោះការរីកចម្រើន នៃទំនាក់ទំនងទ្វេភាគី
និងបានពិភាក្សាលើបញ្ហាដែលជាចំណាប់អារម្មណ៍រួម រួមមានការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ
និងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។
លោក Christoper Landau បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់កម្ពុជា
ចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ
ក្នុងការលើកកម្ពស់សន្តិភាពនៅតំបន់ហ្គាហ្សា និងតំបន់ដទៃទៀត។
ក្នុងជំនួបជាមួយ លោក Elbridge
A. Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក និងឯកឧត្តម Andrew
Collison Baker អនុទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក
ភាគីទាំងពីរបានកត់សម្គាល់ពីដំណើរវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី
ដែលឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់នាយឧត្តមនាវី Samuel
Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកទស្សនកិច្ចរបស់នាវា
USS Cincinnati នៅមូលដ្ឋានសមុទ្ររាម និងការលុបចោលបម្រាមលក់សព្វាវុធដល់កម្ពុជា។
ភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត
រួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ
និងការរៀបចំសមយុទ្ធយោធារួមគ្នាឡើងវិញ ជាពិសេសសមយុទ្ធឆ្មាំអង្គរនៅចុងឆ្នាំ២០២៦
ឬដើមឆ្នាំ២០២៧។
បន្ថែមលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី
បានទទួលជំនួបសម្តែងការគួរសមពីលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋតួកគីយ៉េ។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលជាចំណាប់អារម្មណ៍រួម
និងបានពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ដើម្បីជាប្រយោជន៍របស់ប្រជាជន
និងប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះចំណងមិត្តភាព
និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានទទួលជំនួបសម្តែងការគួរសមពីតំណាងស្ថាប័នអន្តរជាតិ
រួមមាន Atlantic
Council ដឹកនាំដោយនាយឧត្ដមសេនីយ៍ Jim Jones និងឯកឧត្តម
Federick Kempe ប្រធាន និងជានាយកប្រតិបត្តិនៃ Atlantic
Council ។ បន្ថែមលើនេះ
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានផ្ដល់បទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានអន្តរជាតិល្បីៗ
រួមមាន Reuters និង Fox News៕

Post a Comment