ត្រាំ៖ កិច្ចចរចាជាមួយអ៊ីរ៉ង់មានភាពល្អប្រសើរ អាចនឹងមានកិច្ចចរចាបន្ថែមទៀត

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈបាននិយាយថាទីក្រុងវ៉ាស៊ីនតោនមានកិច្ចចរចាដ៏ល្អស្ដីពីអ៊ីរ៉ង់ បន្ទាប់ពីភាគីទាំងសងខាង បានចូលរួមក្នុងកិច្ចចរចាដោយប្រយោលមួយក្នុងប្រទេសអូម៉ង់។

ថ្លែងនៅលើយន្ដហោះ Air Force One នៅតាមផ្លូវឆ្ពោះទៅកាន់ភូមិគ្រឹះ Mar-a-Lago របស់លោកក្នុងរដ្ឋ Florida លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកមានកិច្ចពិភាក្សាដ៏ល្អជាមួយអ៊ីរ៉ង់ ហើយជំនួបអាចនឹងធ្វើឡើងជាថ្មីនៅដើមសប្ដាហ៍ក្រោយ។ ប៉ុន្តែលោកនៅតែព្រមានដដែលថា ជម្រើសយោធាមាននៅលើតុជាស្រេច ប្រសិនបើអ៊ីរ៉ង់មិនបានចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ទេនោះ។

ដោយឡែកអ៊ីរ៉ង់វិញក៏បាននិយាយដែរថា កិច្ចពិភាក្សានៅអូម៉ង់ជាមួយសហរដ្ឋអាមេរិកបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសវិជ្ជមាន ហើយសង្ឃឹមថាអាចនឹងមានកិច្ចចរចាបន្ថែមទៀត។

សូមជម្រាបថា ខណៈកងនាវាចម្បាំងមួយក្រុម ដឹកនាំនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln កំពុងឈរជើងនៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រុមមន្ត្រីប្រតិភូអាមេរិក និងអ៊ីរ៉ង់បានបើកកិច្ចពិភាក្សាដោយប្រយោលនៅក្នុងទីក្រុង Muscat ក្រោមការសម្របសម្រួលរបស់អូម៉ង់។

គួរបញ្ជាក់ថា សេតវិមានបានបញ្ជាក់ច្បាស់ថាខ្លួនចង់កិច្ចចរចាគឺផ្ដោតសំខាន់លើការរារាំងកុំឱ្យទីក្រុងតេហេរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ បើទោះជាអ៉ីរ៉ង់តែងតែប្រកែកថាមិនមានមហិច្ឆតាចង់កាន់អាវុធនុយក្លេអ៊ែរ ក៏ដោយ៕ (AFP)



 

Powered by Blogger.