ខែដំបូង កម្ពុជាប្រមូលចំណូលបាន ៧០លានដុល្លារ ពីការនាំចេញអង្ករជាង១១ម៉ឺនតោន

ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងថា ការនាំចេញក្នុងរយៈពេល១ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ១១៥ ៧៨៤ តោន គិតជាទឹកប្រាក់បានចំនួន ៧០.៩៣ លានដុល្លារសហរដ្ឋអាមេរិក។

បើតាមសេចក្ដីប្រកាសព័ត៌មាន, ក្នុងរយៈពេល១ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ១១៥ ៧៨៤ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥០ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៥ ដែលក្នុងនោះ៖

- ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ចំនួន១៤បានបរិមាណអង្ករចំនួន ៣៨ ១៥៦តោន គិតជាទឹកប្រាក់ចំនួន ២៦.៥៣លានដុល្លារសហរដ្ឋអាមេរិក
- ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ២៥ ៤១៦ តោន គិតជាទឹកប្រាក់ចំនួន ១៦.៧៥ លានដុល្លារសហរដ្ឋអាមេរិក
- ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ៤២ ០៩៥ តោន គិតជាទឹកប្រាក់ចំនួន ១៨.៧៨ លានដុល្លារសហរដ្ឋអាមេរិក
- ទៅកាន់គោលដៅ ១៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ១០ ១១៥ តោន គិតជាទឹកប្រាក់ចំនួន ៨.៨៧ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៦.៣១% ប្រភេទអង្ករសគ្រាប់វែង ០.១១% អង្ករចំហុយ ១.៥៥% អង្ករសរីរាង្គចំនួន ០.៨៥% អង្ករបាក់គ្រប់ប្រភេទ ២៥.៩៤% និងអង្ករផ្សេងៗចំនួន ៥.២៤% ។

ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៣២២ ៤៨៨ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៧២.៥៦ លានដុល្លារសហរដ្ឋអាមេរិក៕







 

Powered by Blogger.