កម្ពុជា និងឥណ្ឌូនេស៊ី បញ្ជាក់ពីសុឆន្ទៈសហការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណភាគីឥណ្ឌូនេស៊ី ចំពោះកិច្ចសហការដ៏ល្អដើម្បីរួមគ្នាដោះស្រាយបទល្មើសក្នុងទម្រង់ថ្មីៗ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ដែលជាបទល្មើសមានលក្ខណៈស្មុគស្មាញ ពិបាកឆ្លើយតប ប្រសិនបើពុំមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធ។
ក្នុងជំនួបដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ
នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ជាថ្មីអំពីឱសានវាទនៃយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ដែលបាននិងកំពុងបោសសម្អាតយ៉ាងជាក់ស្ដែង ដើម្បីធានាសន្តិសុខ សុខសុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈជូនប្រជាជនកម្ពុជា
ក៏ដូចជាមនុស្សជាតិលើពិភពលោក រួមទាំងប្រជាជនឥណ្ឌូនេស៊ី។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត
ក៏បានសំណូមពរឱ្យឯកឧត្តមបណ្ឌិតឯកអគ្គរដ្ឋទូត ជួយបន្តផ្សព្វផ្សាយជាវិជ្ជមានអំពីកម្ពុជា
និងជួយជំរុញទេសចរនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត ដោយហេតុថា ប្រទេសទាំងពីរ
មានវប្បធម៌ និងទម្លាប់ប្រពៃណីប្រហាក់ប្រហែលគ្នា។
ពាក់ព័ន្ធនឹងការបញ្ចប់អាណត្តិការទូតរបស់ឯកឧត្តមបណ្ឌិតវិញ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ
និងរវាងក្រសួងមហាផ្ទៃកម្ពុជា និងឥណ្ឌូនេស៊ី ដែលនៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម
បានកសាងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះដល់ការពង្រឹងកិច្ចសហប្រតិបត្តិការស្ទើរគ្រប់វិស័យ
ដូចជា៖ វិស័យសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ឥណ្ឌូនេស៊ី។




Post a Comment