ប្រធានាធិបតីកូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ចទៅកាន់សិង្ហបុរី និងហ្វីលីពីន នាដើមខែមីនា

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នឹងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសសិង្ហបុរី និងហ្វីលីពីន នាដើមខែមីនាខាងមុខ ហើយនឹងពិភាក្សាពី កិច្ចសហប្រតិបត្តិការលើ AI និងថាមពលនុយក្លេអ៊ែរ។

តាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នឹងបើកកិច្ចប្រជុំកំពូលជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong នៅក្នុងប្រទេសសិង្ហបុរី អំឡុង ដំណើរទស្សនកិច្ចរបស់លោកចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា។ ក្នុងដំណើរទស្សនកិច្ចនេះ កូរ៉េខាងត្បូងសង្ឃឹមថានឹងពង្រីកការវិនិយោគដែលមានស្រាប់ និងទំនាក់ទំនងពាណិជ្ជកម្ម ពាក់ព័ន្ធនឹង AI ព្រមទាំងថាមពលនុយក្លេអ៊ែរ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងទៀតបន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅសិង្ហបុរី លោក Lee នឹងបន្តធ្វើទស្សនកិច្ចទៅកាន់ហ្វីលីពីនដើម្បីជួប ពិភាក្សាជាមួយប្រធានាធិបតី លោក Ferdinand Marcos Jr ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមីនា។ បន្ថែមពីលើនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ថាមពលនុយក្លេអ៊ែរ និងរ៉ែសំខាន់ៗក៏នឹងស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនេះផងដែរ៕ (Reuters)



 

Powered by Blogger.