ប្រតិភូក្រសួងទេសចរណ៍ចុះទស្សនកិច្ចនៅសហគមន៍ឆ្នើមមេគង្គលើខេត្តស្ទឹងត្រែង ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន
អត្ថបទ៖ ដេង ម៉ាវិន
ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយក និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.អ នៃក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូអង្គការដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍សំខាន់ៗជុំវិញបឹងទន្លេសាប ចុះទស្សនកិច្ចសិក្សា ដើម្បីដកស្រង់យកបទពិសោធន៍នៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន និងសហគមន៍បូរីអូរស្វាយ ក្នុងស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង គោលដៅលើកស្ទូយវិស័យអេកូទេសចរណ៍នៅកម្ពុជាឱ្យកាន់តែរីកចម្រើន ។
ឯកឧត្តមបណ្ឌិត ជុក ជំនោរ បានមានប្រសាសន៍ថា៖ ក្នុងដំណើរទស្សនកិច្ច និងការនាំយកតំណាងសហគមន៍ផាត់សណ្តាយ បឹងពារាំង និងចុងឃ្នាស មកកាន់តំបន់មេគង្គលើនាពេលនេះ គឺដើម្បីឱ្យពួកគាត់បានសិក្សាស្វែងយល់ពីសហគមន៍សម្រស់កោះហាន ដែលត្រូវបានចាត់ទុកជាសហគមន៍ឆ្នើមក្នុងខេត្តស្ទឹងត្រែង ។ ក្នុងនោះការរៀបចំដ៏មានរបៀបរៀបរយ និងភាពទាក់ទាញនៃតំបន់នេះ គឺជាមេរៀនដ៏មានតម្លៃសម្រាប់សហគមន៍ផ្សេងៗយកទៅឆ្លុះបញ្ចាំងពីចំណុចខ្វះខាត និងដកស្រង់យកចំណុចវិជ្ជមានទៅអភិវឌ្ឍន៍នៅមូលដ្ឋានរៀងៗខ្លួន ឱ្យស្របតាមស្តង់ដារទេសចរណ៍ ។
លោកស្រី ប៊ុន សុំផាន ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន សន្យាថានឹងខំពង្រឹងសមត្ថភាព សហគមន៍ឱ្យកាន់តែរីកចម្រើន ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់ក្រសួង និងមន្ទីរទេសចរណ៍ខេត្ត និងដៃគូនានា ដើម្បីបង្កើតភាពទាក់ទាញ ឈានទៅបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ។
សូមបញ្ជាក់ថា៖ដំណើរទស្សនកិច្ចរបស់គណប្រតិភូក្រសួងទេសចរណ៍ និងបណ្តុំសហគមន៍ជុំវិញបឹងទន្លេសាបទៅកាន់សហគមន៍តំបន់មេគង្គលើក្នុងខេត្តក្រចេះ និងស្ទឹងត្រែង មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប (TEN)ជាមួយអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT)ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍ សហគមន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕










Post a Comment