រុស្ស៉ី អំពាវនាវឱ្យមានការអត់ធ្មត់ ខណៈសហរដ្ឋអាមេរិក បង្កើនវត្តមានយោធានៅក្បែរអ៊ីរ៉ង់

មូស្គូ៖ រុស្ស៉ី បាននិយាយថា ខ្លួនកំពុងមើលឃើញពីការកើនឡើងនូវភាពតានតឹងមិនធ្លាប់មានពីមុនមកនៅក្បែរប្រទេសអ៊ីរ៉ង់ ខណៈដែលសហរដ្ឋអាមេរិកបង្កើនវត្តមានយោធាទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយវិមានក្រឹមឡាំងបានជំរុញឱ្យទីក្រុងតេហេរ៉ង់ និងភាគីផ្សេងៗអនុវត្តការប្រុងប្រយ័ត្ន និងអត់ធ្មត់។

រុស្ស៊ីមានសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់ ទោះបីជាមិនមានរួមបញ្ចូលចំណុចការពារគ្នាទៅវិញទៅមកក៏ដោយ។ យោងតាមក្រសួងការពារជាតិរុស្ស៉ី កងនាវាចររបស់កងទ័ពជើងទឹករុស្ស៉ី បានធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកអ៊ីរ៉ង់នៅឈូងសមុទ្រអូម៉ង់ ក្នុងសប្តាហ៍នេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «នេះគឺជាសមយុទ្ធដែលបានគ្រោងទុក។ រុស្ស៉ីបន្តអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ ហើយយើងសូមអំពាវនាវដល់មិត្តអ៊ីរ៉ង់របស់យើង និងគ្រប់ភាគីក្នុងតំបន់ អនុវត្តការអត់ធ្មត់ និងប្រុងប្រយ័ត្ន។ យើងជំរុញឱ្យពួកគេផ្តល់អាទិភាពដល់មធ្យោបាយនយោបាយ និងការទូត ក្នុងការដោះស្រាយបញ្ហាណាមួយ»

សូមជម្រាបថា សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាចម្បាំងនៅជិតប្រទេសអ៊ីរ៉ង់ ខណៈកំពុងពិភាក្សាជាមួយទីក្រុងហេរ៉ង់ ស្តីពីការកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕



 

Powered by Blogger.