ក្រុមអ្នកអភិរក្ស បង្ហាញប្រភេទសត្វកម្រ៤២ប្រភេទ នៅឧទ្យានជាតិវីរជ័យ ត្រូវបានកត់ត្រាតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ
ភ្នំពេញ៖ ការសិក្សាស្រាវជ្រាវជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីប្រភេទសត្វសំខាន់ជាច្រើន ដែលកំពុងមានវត្តនៅក្នុងឧទ្យានជាតិវីរជ័យ។ ឧទ្យានជាតិនេះស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ដែលជាជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វព្រៃគ្រប់ប្រភេទ។
តាមរយៈកិច្ចសហការរវាង អង្គការសត្វព្រៃ
និងរុក្ខជាតិ ជាមួយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគីរី
និងការចូលរួមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន បានរកឃើញប្រភេទសត្វសំខាន់ៗ
ដែលកត់ត្រាបានចំនួន ៤២ប្រភេទដូចជា៖ ថនិកសត្វ ៣២ប្រភេទ បក្សី ៩ប្រភេទ និងពួកល្មួន ១ប្រភេទ។
សម្រាប់ប្រភេទសត្វដែលកត់ត្រាខាងលើនេះមាន ២ប្រភេទជាសត្វជិតផុតពូជបំផុត
៥ប្រភេទជាសត្វជិតផុតពូជ និង១៣ប្រភេទសត្វងាយរងគ្រោះ
ដោយឡែកកំណត់ត្រាវីដេអូរបានកត់ត្រានូវហ្វូងដំរីអាស៊ី
ដែលជាសក្ខីភាពបង្ហាញពីមោទនភាពនិងភាពសមស្របនៃទីជម្រកធម្មជាតិនៃតំបន់ឧទ្យានជាតិវីរៈជ័យ។
ប្រភេទសត្វកម្រសំខាន់ៗជាច្រើនរួមមាន៖
ដំរីអាស៊ី ឆ្កែព្រៃ ខ្លាពពក ខ្លាលឿងមាស កេងកងធំ ខ្លាភ្ញីថ្មកែវ រញីប្រផេះ ក្ងោក
ស្វាកន្ទុយស ពង្រូល និងប្រភេទសត្វផ្សេងៗជាច្រើនទៀត។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ
និងអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «ឧទ្យានជាតិវីរជ័យ
គឺជាតំបន់ដ៏មានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា
ព្រោះវាជាជម្រករបស់ប្រភេទសត្វជាច្រើន។
ការស្រាវជ្រាវនេះផ្តល់ជាចំណេះដឹងដែលមានតម្លៃក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការការពារព្រៃឈើ
និងសត្វព្រៃទាំងនេះ ព្រមទាំងជួយគាំទ្រដល់សហគមន៍ដែលពឹងផ្អែកលើធនធានទាំងនេះផងដែរ»។
លោក លូ វន្នី ប្រធានគម្រោងអភិរក្សដីគោក
អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា បានថ្លែងថា៖ «ឧទ្យានជាតិវីរជ័យជាទីជម្រកដ៏សំខាន់នៃជីវ:ចម្រុះជាច្រើនប្រភេទ
ដែលជីវ:ចម្រុះនីមួយៗដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ី។
ទិន្នន័យពីម៉ាសុីនថតស្វ័យប្រវត្តនេះ
អាចឱ្យយើងរកឃើញប្រភេទសត្វជិតផុតពូជបំផុតមួយចំនួនដែលមានវត្តមាននៅក្នុងឧទ្យានជាតិវីរជ័យ
ព្រមទាំងជួយឱ្យយើងយល់ដឹងបន្ថែមអំពីអាកប្បកិរិយារបស់ពួកវា ការស្វែងយល់ពីសណ្ឋានដី
និង របៀបសម្របខ្លួនទៅនឹងការរស់នៅរបស់មនុស្សផងដែរ»។
គោលបំណងសំខាន់នៃការសិក្សាស្រាវជ្រាវនេះគឺ
ដើម្បីធានាបាននូវការពង្រឹងសកម្មភាពអភិរក្សនៅតំបន់សំខាន់ៗ ទាំងនេះ
ដោយផ្តោតទៅលើការស្វែងយល់ពីតម្រូវការរបស់សហគមន៍មូលដ្ឋាន
និងភាពចាំបាច់ក្នុងការការពារសត្វព្រៃផងដែរ ។
សហគមន៍ដែលរស់នៅក្បែរតំបន់ការពារទាំងនេះ
អាចគាំទ្រដល់ការការពារសត្វព្រៃប្រកបដោយប្រសិទ្ធភាព ប៉ុន្តែ
ពួកគេក៏ប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួនផងដែរ ។ ដូច្នេះហើយ
ការធ្វើឱ្យមានសុខដុមនីយកម្មរវាងគោលដៅអភិរក្សជាមួយនឹងតម្រូវការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន
មិនមែនគ្រាន់តែជាគោលដៅសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ
ប៉ុន្តែជាភាពចាំបាច់នៃការបន្តរស់រានមានជិវិតនៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ទាំងនេះ។
សកម្មភាពនេះត្រូវបានគាំទ្រដោយនាយកដ្ឋានបរិស្ថាន
ស្បៀងអាហារ និងកិច្ចការជនបទ (DEFRA) តាមរយៈមូលនិធិ
គម្រោងមូលនិធិតំបន់ទេសភាពជីវៈចម្រុះ (BLF)៕












Post a Comment