មន្រ្តីសន្តិសុខកំពូលរុស្ស៉ី៖ រុស្ស៉ីនៅតែគាំទ្រគោលជំហររបស់ចិនជុំវិញបញ្ហាតៃវ៉ាន់

មូស្គូ៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី លោក Sergei Shoigu នាថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ បានប្រាប់រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ថា ទីក្រុងមូស្គូបន្តគាំទ្រទីក្រុងប៉េកាំងជុំវិញបញ្ហាតៃវ៉ា

លោក Shoigu បានធ្វើដំណើរមកដល់ប្រទេសចិន កាលពីថ្ងៃអាទិត្យ ហើយបានជួបពិភាក្សាជាមួយលោក Wang អំពីបញ្ហាសន្តិសុខ។ អំឡុងជំនួប មន្រ្តីសន្តិសុខកំពូលរុស្ស៉ីរូបនេះ បាននិយាយយ៉ាងដូច្នេះថា «យើងមើលឃើញថា អ្នកដែលមានបំណងអាក្រក់ចំពោះចិន នៅបន្តបង្កអស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ សម្រាប់ខាងយើង គឺខ្ញុំចង់បញ្ជាក់សាជាថ្មី នូវការគាំទ្រមិនប្រែប្រួលនិងឥតរាថយ សម្រាប់ទីក្រុងប៉េកាំងជុំវិញបញ្ហាតៃវ៉ាន់ ដោយយើងប្រកាន់ជំហរថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិនទាំងមូល»

សូមជម្រាបថា រុស្ស៉ីតែងតែលើកឡើងជារឿយៗថា ខ្លួនជំទាស់ជានិច្ចចំពោះការប៉ុនប៉ងចង់បានឯករាជ្យរបស់ តៃវ៉ាន់ ទោះក្នុងទម្រង់ណាក៏ដោយ ហើយចាត់ទុកដែនកោះនេះ ជាផ្នែកមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន។ ចំណែកទីក្រុងប៉េកាំង គឺមិនដែលបោះបង់ឡើយ​ជម្រើសនៃការប្រើប្រាស់កម្លាំង ដើម្បីគ្រប់គ្រងតៃវ៉ាន់។ ប៉ុន្មានឆ្នាំកន្លងមកនេះ ចិននិងរុស្ស៉ីបានកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ ហើយបានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មិនយូរប៉ុន្មានមុនពេលរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕ (Reuters)



 

Powered by Blogger.