អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ចុះទស្សនកិច្ចទីតាំងមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្វាគមន៍ នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលអញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ។
ដោយនៅវេលាម៉ោង ១០:០០នាទីព្រឹក
គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចស្នាក់ការ២ ស្ថិតនៅក្រុងសិរីសោភ័ណ
ដោយក្នុងឱកាសនោះវរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP ប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជាក៏បានធ្វើបទបង្ហាញជូនអគ្គមេបញ្ជាការ
និងគណៈប្រតិភូ ស្តីពីវឌ្ឍនភាពការងាររបស់ខ្លួនផងដែរ។
សូមជម្រាបជូនផងដែរថា នាយឧត្តមសេនីយ៍ ROMEO
S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន
បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល
៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន មកកាន់ព្រះរាជាណាចក្រនាពេលនេះ
គឺដើម្បីចុះមកពិនិត្យ និងសិក្សាស្វែងយល់ក្នុងការត្រៀមលក្ខណៈទទួល
និងបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)
ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះ។
សូមគូសបញ្ជាក់ផងដែរថា
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់យន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)
ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន
ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់
និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព
សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕








Post a Comment