ត្រាំ បន្តព្រមានអ៊ីរ៉ង់ពីផលវិបាក បើមិនអាចឈានដល់កិច្ចព្រមព្រៀង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តព្រមានអ៊ីរ៉ង់ អំពីផលវិបាកនៃការមិនព្រមឈានដល់កិច្ចព្រមព្រៀង មុនកិច្ចពិភាក្សាជុំថ្មីរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាមមួយនេះ នៅទីក្រុងហ្សឺណែវ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ឆ្ពោះមកកាន់រដ្ឋធានីវ៉ាស៊ីនតោន លោក ត្រាំ បាននិយាយថា «ខ្ញុំនឹងចូលរួមពាក់ព័ន្ធមិនដោយផ្ទាល់ ក្នុងកិច្ចពិភាក្សាទាំងនោះ។ ខ្ញុំមិនយល់ថា ពួកគេ (អ៊ីរ៉ង់) មិនចង់ទទួលរងផលវិបាកនៃការមិនព្រម​ឈានដល់កិច្ចព្រមព្រៀងមួយនោះទេ»

កិច្ចពិភាក្សាថ្មីដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃអង្គារនេះ និងត្រូវបានសម្របសម្រួលដោយអូម៉ង់ កើតមានឡើងក្រោយការគំរាមម្តងហើយ​ម្តងទៀតរបស់លោក ត្រាំ អំពីការធ្វើសកម្មភាពយោធាប្រឆាំងអ៊ីរ៉ង់ ដែលពីដំបូងគឺជុំវិញការបង្រ្កាបយ៉ាងប្រល័យរបស់ទីក្រុងតេហរ៉ង់ លើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ហើយថ្មីៗនេះគឺជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

កន្លងមក ទីក្រុងវ៉ាស៊ីនតោន បានព្យាយាមជំរុញឱ្យមានការពិភាក្សាលើប្រធានបទដទៃទៀត រួមមានទាំងមីស៊ីលបាលិស្ទីគ និងការគាំទ្ររបស់​អ៊ីរ៉ង់ចំពោះក្រុមចលនាប្រដាប់អាវុធ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ កាលពីថ្ងៃចន្ទ ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ជំហររបស់អាមេរិកជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ បានបោះជំហានឆ្ពោះទៅរកភាពជាក់ស្តែងជាងមុន។

សូមជម្រាបថា កិច្ចប្រឹងប្រែងចរចាគ្នាកាលពីលើកមុនបានដួលរលំ នៅពេលអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ បង្កជាសង្រ្គាមផ្លូវអាកាស​រយៈពេល១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥ ដែលអំឡុងពេលនោះ ទីក្រុងវ៉ាស៊ីនតោនបានចូលរួមទម្លាក់គ្រាប់បែក លើទីតាំងចម្រាញ់នុយក្លេអ៊ែររបស់អ៊ីរ៉ង់៕ (AFP)



 

 

Powered by Blogger.