មន្ទីររៀបចំដែនដីខេត្តកំពត ចេញបំភ្លឺ និងបង្ហាញលទ្ធផលបឋមករណីវិវាទសំណង់លើដីកម្មសិទ្ធិរបស់លោក ឈឹម ថារិត នៅស្រុកទឹកឈូ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺជុំវិញករណីដែលលោក ឈឹម ថារិត បានបង្ហោះលើបណ្តាញសង្គម ស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយរឿងមានគេរំលោភបំពានសាងសង់ផ្ទះលើដីរបស់ខ្លួន។
យោងតាមការចុះត្រួតពិនិត្យ និងសម្របសម្រួលផ្ទាល់ពីសំណាក់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន លទ្ធផលទទួលបានដូចខាងក្រោម៖
ដីដែលមានវិវាទនេះ គឺជាដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) លេខ ០៧០៧១៩០២-០៦៧២ ស្ថិតនៅក្នុងភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។
យ៉ាងណាបន្ទាប់ពីទទួលបានព័ត៌មានភ្លាម គណៈកម្មាធិការដោះស្រាយវិវាទរបស់មន្ទីរ បានចុះទៅដល់ទីតាំងផ្ទាល់ដើម្បីធ្វើការសម្របសម្រួលរវាងភាគីម្ចាស់ដី និងភាគីអ្នកសាងសង់សំណង់។ ក្នុងកិច្ចសម្របសម្រួលបឋម បានទទួលស្គាល់ និងស្នើសុំពេលវេលាចំនួន ០១ សប្តាហ៍ ដើម្បីចូលខ្លួនមកដោះស្រាយបញ្ចប់ បន្ទាប់ពីរូបលោកបញ្ចប់បេសកកម្មការងារ។
តាមរយៈការជួបជុំគ្នាជាមួយអាជ្ញាធរ ភាគីទាំងពីរមានឆន្ទៈក្នុងការដោះស្រាយដោយសន្តិវិធី។
មន្ទីររៀបចំដែនដីខេត្តកំពត បានវាយតម្លៃថា វិវាទនេះមានលក្ខណៈមិនធំដុំនោះទេ ហើយតាមរយៈយន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការនេះ វិវាទត្រូវបានរំពឹងថានឹងត្រូវបញ្ចប់ជាស្ថាពរក្នុងរយៈពេលមួយសប្តាហ៍ទៀត នៅពេលដែលភាគីទាំងពីរជួបមុខគ្នាដើម្បីឯកភាពលើដំណោះស្រាយចុងក្រោយ។
អាជ្ញាធរដែនដី និងមន្ទីរជំនាញ បានបញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយយុត្តិធម៌៕








Post a Comment