សម្តេចតេជោ ចេញសារពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ព្រោះមិនចង់ឃើញទំនាស់រវាងខ្មែរ និងខ្មែរ-ឥស្លាមកាន់តែរីកធំ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញសារពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរទាំងយប់ ព្រោះមិនចង់ឃើញទំនាស់រវាងខ្មែរ និងខ្មែរ-ឥស្លាមកាន់តែរីកធំ ដោយសម្តេចប្រដូចទៅនឹងពាក្យមួយឃ្លាថា «មិនចង់បិទក្រោលសេះ ពេលសេះចេញផុតពីក្រោល»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ
លើបណ្តាញសង្គមកំពុងជជែក និងមានទស្សនៈច្រើនពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរពាក់ព័ន្ធតួអង្គខ្មែរឥស្លាម។
ក្នុងនោះបងប្អូនខ្មែរឥស្លាមមួយចំនួនបានប្រតិកម្មទៅលើការសម្តែងរបស់តួអង្គខ្មែរឥស្លាមក្នុងពិធីហាក់ឆ្គាំឆ្គង
ឬប្រមាថដល់បងប្អូនខ្មែរឥស្លាម។
សម្តេចតេជោ បានបញ្ជាក់តាមហ្វេសប៊ុកថា
នៅម៉ោង២ទៀបភ្លឺថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦
នៅពេលសម្តេចចូលទស្សនាកម្មវិធីចម្រៀងគ្រួសារខ្មែរ សម្តេចបានឃើញការបំភ្លឺរបស់អ្នកនាង
ខាត់ សុឃីម និងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៍
និងវិចិត្រសិល្បៈទាក់ទងដល់វិធីបុកល័ក្ដក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។
សម្តេចតេជោ បានស្នើបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យបានច្បាស់នូវចំណុចនេះ
ព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយ។ សម្តេចតេជោ បន្តថា
ក្នុងឈុតឆាកទៀតសោតពុំមានចំណុចណាជាការប្រមាថ ឬមើលងាយមើលថោកនោះទេ
តែផ្ទុយទៅវិញមានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។
បងប្អូនឥស្លាម បានជួយដល់បងប្អូនខ្មែរ ដែលទៅរកល័ក្ដនៅពេលឆ្លងទឹក។
«សម្រាប់ខ្ញុំតាំងពីធំដឹងក្តីមក
ខ្ញុំតែងទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នានិងបន្តមកទៀតខ្ញុំរៀបការកូន៥នាក់
ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។ កូនទាំង៥របស់ខ្ញុំ សុទ្ធតែធ្វើពិធីបុកល័ក្ដ
ដែលមានអ្នកដើរតួជាជនជាតិឥស្លាមចូលរួមដូចសម័យមុនដែរ។
ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់ និងអ្វីដែលខ្ញុំឱ្យតម្លៃខ្ពស់ គឺសាមគ្គីភាព
ជាតិសាសន៍ និងសាសនាដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍ និងសាសនានោះទេ។
ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោលសេះនូវពេលសេះចេញផុតពីក្រោល»។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបាតុភាពនេះ លោក ដួង
សុខគា ដែលជាអ្នកសិល្បៈ ហើយក៏ជាអ្នកបង្កឱ្យផ្ទុះបាតុភាពនេះឡើង
បានចេញមកសូមទោសបងប្អូនខ្មែរឥស្លាម
សម្រាប់ភាពឆ្គាំឆ្គងនៃការសម្តែងពាក់ព័ន្ធតួអង្គខ្មែរឥស្លាមផងដែរ៕

Post a Comment