កម្ពុជា-ប្រេស៊ីល បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម សំដៅបង្កើនទំហំកសិ-ពាណិជ្ជកម្ម បំពេញគ្នាទៅវិញទៅមក
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបជាមួយលោកជំទាវ Viviana Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ
និងពិភាក្សាអំពីលទ្ធភាពកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក។
ឯកឧត្តមរដ្ឋមន្រ្តី
បានគូសបញ្ជាក់អំពីកសិផលសក្តានុពលកម្ពុជា រួមមាន៖ អង្ករ ដំឡូងមី ស្វាយចន្ទី ជាដើម
ដែលជាឱកាសសម្រាប់វិស័យឯកជនប្រេស៊ីលសហការធ្វើការវិនិយោគលើការកែច្នៃ វេចខ្ចប់
ការធ្វើទីផ្សារផលិតផល និងនាំចេញទៅទីផ្សារអន្តរជាតិ។
តាមរយៈកិច្ចប្រជុំនេះ
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់កិច្ចសហប្រតិបត្តិការ
សំដៅជំរុញនិងបង្កើនទំហំកសិ-ពាណិជ្ជកម្មដែលបំពេញបន្ថែមគ្នាទៅវិញទៅមក
ជាពិសេសការបង្កើននូវទំនាក់ទំនងធុរកិច្ចល្អរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕



Post a Comment