សហរដ្ឋអាមេរិក-អ៊ីរ៉ង់ នឹងជួបចរចាគ្នាជាថ្មី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ
បរទេស៖ រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr Albusaidi បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ថាអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងបើកកិច្ចចរចានុយក្លេអ៊ែរជុំទី៣ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅចំពោះមុខការព្រួយបារម្ភពីហានិភ័យផ្ទុះជម្លោះយោធារវាងប្រទេសជាគូសត្រូវទាំង២។
សហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា
ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានព្រមានថារឿងអាក្រក់អាចនឹង កើតឡើង
ប្រសិនបើគ្មានការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយជម្លោះយូរអង្វែងមកហើយជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ទេនោះ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters
បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់យល់ព្រមធ្វើសម្បទានលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន
ក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀង ជាថ្នូរទៅនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច
និងការទទួលស្គាល់ សិទ្ធិរបស់អ៊ីរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមប្រកបដោយសន្តិភាព។
ដោយឡែក ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud
Pezeshkian កាលពីថ្ងៃអាទិត្យ
បានបង្ហាញគំនិតសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គមថា
កិច្ចចរចាកន្លងមកសម្រេចបាននូវសញ្ញាលើកទឹកចិត្តជាច្រើន ប៉ុន្តែបានអះអាងថាតេហេរ៉ង់បានត្រៀមលក្ខខណៈជាស្រេចសម្រាប់គ្រប់សេណារីយ៉ូទាំងអស់៕ (Reuters)

Post a Comment