គីម ជុងអ៊ុន ជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សពលករជាថ្មីម្ដងទៀត

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណបក្សពលករជាថ្មីម្ដងទៀត នៅឯមហាសន្និបាតបក្សដ៏កម្រមួយ។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន​ KCNA បានឱ្យដឹងទៀតថាការសម្រេចចិត្តខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ដែលជាថ្ងៃទី៤ នៃមហាសន្និបាតបក្សពលករ ស្របទៅតាមឆន្ទៈមិនរង្គោះរង្គើរ និងក្ដីប្រាថ្នាជាឯកច្ឆន្ទរបស់ប្រតិភូទាំងអស់។ សេចក្ដីរាយការណ៍ដដែលថែមទាំងបានគូសបញ្ជាក់ផងដែរថានៅក្រោម ភាពជាមេដឹកនាំរបស់លោក គីម ជុងអ៊ុន សមត្ថភាពកំញើញទប់ស្កាត់សង្រ្គាមរបស់កូរ៉េខាងជើងជាមួយកងកម្លាំងនុយក្លេអ៊ែរត្រូវបានធ្វើឱ្យប្រសើរឡើង។

សូមជម្រាបថា អស់រាប់ទសវត្សរ៍មកហើយ អាវុធនុយក្លេអ៊ែរ និងអំណាចយោធាបានក្លាយជាកម្មវត្ថុចម្បងគេមុនអ្វីៗទាំងអស់របស់រដ្ឋាភិបាលកូរ៉េខាងជើង។ ប៉ុន្តែ ចាប់តាំងពីឡើងកាន់អំណាច ក្នុងឆ្នាំ២០១១មក លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ផងដែរពីការស្ដារជីវភាពប្រជាជន និងសេដ្ឋកិច្ចរបស់កូរ៉េខាងជើង៕ (AFP)



 

Powered by Blogger.