​រដ្ឋបាលស្រុកទឹកឈូ ចុះត្រួតពិនិត្យ និងទប់ស្កាត់ការសាងសង់សំណង់រឹងរំលោភដងព្រែក ក្នុងភូមិសាស្ត្រឃុំម៉ាក់ប្រាង្គ និងឃុំកំពង់ក្រែង

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ កាលពីរសៀលថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលស្រុកទឹកឈូ បានបើកយុទ្ធនាការចុះត្រួតពិនិត្យ និងចាត់វិធានការដាច់ខាតចំពោះការសាងសង់សំណង់រឹងដែលរំលោភលើដីចំណីព្រែក និងផ្ទៃទឹក ដើម្បីការពារសម្បត្តិសាធារណៈរបស់រដ្ឋ និងសោភ័ណភាពធម្មជាតិ។

យុទ្ធនាការនេះ ដឹកនាំដោយផ្ទាល់ដោយ លោក អ៊ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសជំនាញ អាជ្ញាធរឃុំ និងកងកម្លាំងពាក់ព័ន្ធ។

ក្នុងយុទ្ធការខាងលើនេះ ក្រុមការងារបានចុះពិនិត្យដោយផ្ទាល់នៅចំណុចក្តៅៗដែលកំពុងមានសកម្មភាពសាងសង់តាមបណ្តោយដងព្រែកទឹកឈូ រួមមាន៖ ឃុំម៉ាក់ប្រាង្គ ពិនិត្យលើករណីសាងសង់សំណង់រឹងដែលសង្ស័យថាបានចាក់ដី និងសាងសង់រំលោភចូលទៅក្នុងផ្ទៃព្រែក និងឃុំកំពង់ក្រែង៖ តាមដាន និងទប់ស្កាត់សំណង់មិនរៀបរយដែលធ្វើឱ្យប៉ះពាល់ដល់ចរន្តទឹកហូរ និងបង្កផលប៉ះពាល់ដល់បរិស្ថានជុំវិញ។

​ក្នុងឱកាសចុះត្រួតពិនិត្យនោះ លោកអភិបាលស្រុក បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖

- ផ្អាកសកម្មភាពជាបន្ទាន់នូវរាល់ការសាងសង់ណាដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬមានការរំលោភបំពានលើដីចំណីព្រែក ត្រូវតែផ្អាកជាបណ្តោះអាសន្នដើម្បីដោះស្រាយតាមនីតិវិធី។

- ណែនាំឱ្យម្ចាស់សំណង់ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងច្បាប់សាងសង់ជាដាច់ខាត។

- ចំពោះករណីរំលោភបំពានដោយចេតនា ដែលបង្កឱ្យមានការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ រដ្ឋបាលស្រុកនឹងរៀបចំសំណុំរឿងដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា៖ «ដងព្រែកទឹកឈូ គឺជាដង្ហើមសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់របស់ខេត្តកំពត។ ការរក្សាការពារផ្ទៃព្រែក គឺជាអាទិភាពខ្ពស់បំផុត ដើម្បីធានាបាននូវតុល្យភាពបរិស្ថាន និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។»

​ជាមួយគ្នានេះ រដ្ឋបាលស្រុកទឹកឈូ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការថែរក្សាដងព្រែក និងជៀសវាងការសាងសង់សំណង់ណាមួយដែលខុសច្បាប់ ដែលនាំឱ្យមានការខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួន និងប៉ះពាល់ដល់ប្រយោជន៍រួម៕









 

Powered by Blogger.