កម្ពុជា បង្ហាញជំហរដាច់ខាត ដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានថ្លែងថា កម្ពុជា បានបង្កើនការបង្រ្កាបលើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងក្របខណ្ឌនៃយុទ្ធនាការទូទាំងប្រទេស ដើម្បីបោសម្អាត និងឈានទៅលុបបំបាត់ការឆបោកអនឡាញ ដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីប្រទេសកម្ពុជា។
ឯកឧត្តមថ្លែងបញ្ជាក់ជំហររបស់កម្ពុជាទាក់ទងនឹងការប្រឆាំងការឆបោកអនឡាញបែបនេះ ដែលក្នុងឱកាសលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងកិច្ចប្រជុំនោះ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី បានធ្វើបទបង្ហាញដើម្បីផ្តល់បច្ចុប្បន្នភាពស្តីពី «យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» ជូនដល់បណ្តាឯកអគ្គរដ្ឋទូត និងតំណាងទូតប្រចាំកម្ពុជាចំនួន២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា។
ដើម្បីបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល
ដែលមានក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត
ជាសេនាធិការក្នុងការប្រតិបត្តិយុទ្ធនាការនៅទូទាំងប្រទេស សន្តិបណ្ឌិតទេសរដ្ឋមន្ត្រី
បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា
ការប្រយុទ្ធប្រឆាំងការឆបោកអនឡាញត្រូវបានអនុវត្តពីមុនមកហើយ និងត្រូវបានបង្កើនការប្រតិបត្តិបន្ថែមទៀតក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ
ពិសេសតាមរយៈការបង្កើត គ.ប.ឆ.ប.
ដែលជាយន្តការជាតិដឹកនាំដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដោយផ្ទាល់។
ជាលទ្ធផលចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦នេះ
សមត្ថកិច្ចចម្រុះបានបង្ក្រាបការឆបោកអនឡាញចំនួន ២០០ករណី
ពាក់ព័ន្ធទីតាំងសរុបចំនួនប្រមាណ ២.៥០០កន្លែង
ដោយបានរឹបអូសវត្ថុតាងរួមមានកំព្យូទ័រចំនួន ១០.៤៤៤គ្រឿង និងទូរស័ព្ទស្មាតហ្វូនចំនួន
៣៦.៤៧៦គ្រឿង ព្រមទាំងសម្ភារៈជាវត្ថុតាងផ្សេងទៀត។
ក្នុងការអនុវត្តវិធានការ
សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសសរុបចំនួនជាង ៨.០០០នាក់
ត្រូវបានបណ្តេញចេញពីកម្ពុជា ខណៈទីតាំងដែលបានបង្រ្កាបចំនួនជាង ២០០កន្លែង
រួមទាំងកាស៊ីណូផងដែរ ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ។
យុទ្ធនាការអនុវត្តច្បាប់នៅទូទាំងប្រទេស បានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញ
ហើយតាមការសង្កេតរបស់សមត្ថកិច្ច
ការបិទខ្ទប់ទីតាំងខាងលើបានធ្វើឱ្យក្រុមមេខ្លោងមួយចំនួនបានរត់គេចខ្លួន
ដែលក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់
រីឯជនបរទេសចំនួនប្រមាណជាង២១ម៉ឺននាក់បានចាកចេញដោយខ្លួនឯងទៅកាន់ប្រទេសពួកគេវិញ។
សមត្ថកិច្ចកម្ពុជាក៏បានសហការជាមួយដៃគូ
ក្នុងការជួយសង្រ្គោះជនបរទេស ដែលជាអ្នករងគ្រោះដោយការចាញ់បោកមេខ្លោងនៃឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យបានរួចផុតពីការកេងប្រវ័ញ្ញឱ្យធ្វើសកម្មភាពឆបោកអនឡាញដើម្បីបម្រើដល់ផលប្រយោជន៍បណ្តាញឧក្រិដ្ឋកម្មខ្លួន
បានជាច្រើននាក់ផងដែរ។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌
ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ
ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់
ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញា
លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។
សមត្ថកិច្ចបានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ
ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន
ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស។
ជាមួយនឹងលទ្ធផលដែលទទួលបានក្នុងរយៈពេលប្រមាណ
៨ខែកន្លងមកនេះ ទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណបណ្តាអង្គទូត
និងដៃគូពាក់ព័ន្ធរួមមានសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង ហ្វីលីពីន ប៉ូលីសអន្តរជាតិ
អង្គការ UNODC
និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាដើម ដែលបានគាំទ្រ
និងចូលរួមក្នុងកិច្ចខិតខំប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមកនេះ
ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មនៅកម្ពុជា។
ក្នុងឱកាសនោះដែរ
ទេសរដ្ឋមន្ត្រីបានស្នើដល់បណ្តាប្រទេស និងដៃគូទាំងអស់
ឱ្យបន្តសហការជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ការគាំទ្រទាំងផ្នែកពង្រឹងសមត្ថភាពក្នុងជំនាញបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន
និងការផ្តល់ជាសម្ភារៈ បច្ចេកទេស និងការសហការស្រាវជ្រាវ ធ្វើកោសល្យវិច័យ
ដើម្បីឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព
ដើម្បីឈានទៅចាត់វិធានការដល់ឫសគល់នៃបញ្ហា
និងធានាថាសកម្មភាពឧក្រិដ្ឋកម្មនេះនឹងមិនកើតឡើងទៀតឡើយទាំងនៅក្នុងប្រទេសកម្ពុជា
និងក្នុងតំបន់។
ប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បានប្រាប់ទៅអង្គទូតទាំងអស់ទៀតថា
ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ
រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តី
ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សម្រាប់រួមចំណែកដល់ការធានាបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព ដោយមានកំណត់អំពីទោសទណ្ឌ
និងវិធានការយ៉ាងតឹងរឹង
ដើម្បីបង្ការទប់ស្កាត់រាល់អំពើខុសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ន
សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណើរការពិនិត្យរបស់អន្តរក្រសួងមុននឹងឈានដល់ដំណាក់កាលនីតិវិធីជាបន្តបន្ទាប់
រហូតដល់ការអនុម័តជាផ្លូវការ។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា
កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក
ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ
នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។
វិធានការដែលបាន
និងកំពុងអនុវត្តទាំងនេះនឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕








Post a Comment