ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ បានជួបប្រជុំគ្នា ក្រោមការសង្កេតការណ៍ពី AOT
ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ ផងដែរ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា
ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង
យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក
វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។
សូមជម្រាបជូនផងដែរថា
ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ
ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ
ហើយបន្តផ្លាស់ប្តូរឯកសារ
និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា
និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤
របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ថៃ ។
គួររំលឹកផងដែរថា
កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម
នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា
និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី
អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ
និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន
ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព
និងស្ថិរភាពរវាងប្រទេសទាំងពីរ
និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕









Post a Comment