រដ្ឋមន្ត្រីអាល្លឺម៉ង់៖ NATO នឹងពិភាក្សាអំពីការការពារកោះហ្គ្រីនឡែន ប្រសិនបើចាំបាច់

វីលនីស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក យ៉ូហាន វ៉ាដេភូល (Johann Wadephul) បានប្រកាសនៅថ្ងៃចន្ទនេះថា កោះហ្គ្រីនឡែន (Greenland) គឺជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក ហើយសម្ព័ន្ធយោធាណាតូអាចនឹងពិភាក្សាអំពីការពង្រឹងការការពារកោះនេះប្រសិនបើចាំបាច់។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមសារជាថ្មីថានឹងកាន់កាប់កោះហ្គ្រីនឡែន ដែលជាមហិច្ឆតារបស់លោកតាំងពីអាណត្តិទីមួយ។ កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានប្រាប់ទស្សនាវដ្តី The Atlantic ថា៖ «យើងពិតជាត្រូវការហ្គ្រីនឡែន។ យើងត្រូវការវាសម្រាប់ការការពារជាតិ»

លោក វ៉ាដេភូល បានសង្កត់ធ្ងន់ថា ដោយសារដាណឺម៉ាកជាសមាជិកណាតូ ដូច្នេះហ្គ្រីនឡែនក៏ស្ថិតនៅក្រោមការការពាររបស់ណាតូជាគោលការណ៍ដែរ។ លោកបន្ថែមថា «ប្រសិនបើមានតម្រូវការបន្ថែមដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងការពារទាក់ទងនឹងហ្គ្រីនឡែន នោះយើងនឹងត្រូវពិភាក្សាអំពីរឿងនេះនៅក្នុងក្របខណ្ឌនៃសម្ព័ន្ធភាព»

ក្រៅពីបញ្ហាហ្គ្រីនឡែន លោក វ៉ាដេភូល ក៏បានលើកឡើងពីបញ្ហាវេណេស៊ុយអេឡាផងដែរ ដោយបញ្ជាក់ថា អាល្លឺម៉ង់នៅមានចម្ងល់ជុំវិញការទម្លាក់លោក ម៉ាឌូរ៉ូ និងបានសង្កត់ធ្ងន់ថា ប្រជាជនវេណេស៊ុយអេឡាគួរតែមានសិទ្ធិសម្រេចអនាគតប្រទេសរបស់ខ្លួន៕ (Reuters)



 

Powered by Blogger.