ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពផ្លូវជនបទចំនួន ៧ខ្សែ នៅក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នារសៀលថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវជនបទចំនួន ៧ខ្សែ នៅក្នុងខេត្តកំពង់ចាម ដូចខាងក្រោម៖

ខ្សែទី១៖ ឈ្មោះផ្លូវ ផ្អាវ - ដូនដុំ ជាប្រភេទផ្លូវក្រាលកៅស៊ូ ប្រវែងសរុប ១១,៣០គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិផ្អាវ.  ឃុំផ្អាវ ស្រុកបាធាយ ទៅដល់ភូមិដូនដុំ ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ដោយមានអ្នកទទួលផលសរុបប្រមាណ ៦ ៤០០នាក់។  ខ្សែផ្លូវនេះស្ថិតក្នុងគម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី ADB ក្នុងឆ្នាំ២០២២ ។

ខ្សែទី២៖ ឈ្មោះផ្លូវ សណ្តែក-សំពងជ័យ ជាផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែង ២៣,១៥គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិសណ្ដែក ឃុំសណ្ដែក ស្រុកបាធាយ ទៅដល់ភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ដោយមានអ្នកទទួលផលសរុបប្រមាណ ៦ ៨០០នាក់។ ខ្សែផ្លូវនេះស្ថិតក្នុងគម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III)។

ខ្សែទី៣៖ ឈ្មោះផ្លូវ ខ្លោងទ្វារវត្តកំណប់ (NR6) - សូរសែន្យ- ត្រពាំងត្នោត ជាប្រភេទផ្លូវក្រាលកៅស៊ូ មានប្រវែងសរុប ១០,០១គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងឃុំសូរសែន្យ ស្រុកព្រៃឈរ ។ ខ្សែផ្លូវនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)  ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានពីធនាគារពិភពលោក (WB)។

ខ្សែទី៤៖ ឈ្មោះផ្លូវ ផ្លូវជាតិលេខ៧ - សៀមបោយ ជាប្រភេទផ្លូវក្រាលកៅស៊ូ និងក្រាលបេតុង មានប្រវែងសរុប ៦,០០គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិព្រៃចារ ទៅដល់ភូមិសៀមបោយឃុំព្រៃចារ ស្រុកជើងព្រៃ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៨ ០៧៦នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៤ ០២៥ នាក់។

ខ្សែទី៥៖ ឈ្មោះផ្លូវ ផ្លូវជាតិលេខ៧ - ស្អាង ជាប្រភេទផ្លូវក្រាលកៅស៊ូ និងក្រាលបេតុង មានប្រវែងសរុប ១៦,៤០គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិត្រពាំងត្មាត  ឃុំស្រមរ ទៅដល់ភូមិឈូកសរ ឃុំសំពងជ័យ ស្រុកជើងព្រៃ ដោយមានអ្នកទទួលផលដោយផ្ទាល់ ៣៨ ៤៧២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៥ ៨៩០នាក់។

ខ្សែទី៦៖ ឈ្មោះផ្លូវ ផ្លូវជាតិលេខ៧ - ខ្លោងទ្វារវត្តជម្ពូរសោភា ជាប្រភេទផ្លូវក្រាលកៅស៊ូ និងក្រាលបេតុង មានប្រវែងសរុប ១៧,១១គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិស្រង៉ែ  ឃុំស្រង៉ែ ទៅដល់ភូមិទួលខ្ពស់ ឃុំក្រូច ស្រុកព្រៃឈរ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២៩ ២៨៣នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៨ ២៥៧ នាក់។

ខ្សែទី៧៖ ឈ្មោះផ្លូវ សំពងជ័យ - ទឹកឆារ ជាប្រភេទផ្លូវក្រាលកៅស៊ូ និងក្រាលបេតុង មានប្រវែងសរុប ៨,៥៣គ.ម ទទឹង ៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិសំពងជ័យ  ឃុំសាព័រជ័យ ស្រុកជើងព្រៃ ទៅដល់ភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២០ ៨៦០នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៦ ៧៣៣ នាក់។ ខ្សែផ្លូវចំនួន ៤ខ្សែខាងលេីនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អការត្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP)  ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក ។

សូមជម្រាបជូនផងដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការលើកកម្រិតគុណភាព និងការស្ថាបនាផ្លូវជនបទឱ្យធន់នឹងការប្រែប្រួលអាកាសធាតុ និងប្រទាក់ក្រឡាគ្នា សំដៅជួយសម្រួលនិងផ្តល់ផលប្រយោជន៍ឱ្យប្រជាជននៅតំបន់ជនបទមានប្រាក់ចំណូលប្រកបដោយចីរភាព៕
























Powered by Blogger.