ពូទីន ត្រៀមប្រើប្រាស់លុយបង្កក ១ពាន់លានដុល្លារដើម្បីចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់ ត្រាំ
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងពិភាក្សាអំពីលទ្ធភាពនៃការប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កកនៅបរទេស ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើម «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ក្នុងអំឡុងពេលជំនួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន
លោក ម៉ាមូដ អាបាស់ នៅវិមានក្រឹមឡាំង លោក ពូទីន បានបញ្ជាក់យ៉ាងច្បាស់ថា «យើងត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនប្រាក់ចំនួន
១ពាន់លានដុល្លារទៅកាន់រចនាសម្ព័ន្ធថ្មីនេះ។
គោលដៅចម្បងគឺដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន
និងប្រើប្រាស់មូលនិធិនេះសម្រាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ
ក៏ដូចជាដោះស្រាយបញ្ហាប៉ាឡេស្ទីនជារួម»។
ការប្រកាសដ៏សំខាន់នេះ ធ្វើឡើងនៅមុនពេលលោក
ពូទីន គ្រោងជួបពិភាក្សាជាមួយបេសកជនពិសេសរបស់លោក ត្រាំ គឺលោក ស្ទីវ វីតកុហ្វ
និងកូនប្រសារលោក ត្រាំ គឺលោក ចារ៉េដ គូសនឺ នៅទីក្រុងមូស្គូ។ លោក ពូទីន
បានសង្កត់ធ្ងន់ថា
បញ្ហាទ្រព្យសម្បត្តិបង្កកនេះត្រូវបានពិភាក្សាជាមួយភាគីអាមេរិករួចហើយ
ហើយជំហររបស់រុស្ស៊ីចំពោះបញ្ហាប៉ាឡេស្ទីន និងតំបន់មជ្ឈិមបូព៌ាគឺ «មានគោលការណ៍ និងមិនមែនជាការឱកាសនិយមទេ»។
សូមជម្រាបថា សេតវិមានបានប្រកាសបង្កើត «ក្រុមប្រឹក្សាសន្តិភាព» កាលពីសប្តាហ៍មុន
ដោយអញ្ជើញប្រទេសរាប់សិបឱ្យចូលរួម។ លក្ខខណ្ឌមួយក្នុងចំណោមនោះគឺ
ប្រទេសដែលបង់ប្រាក់វិភាគទាន ១ពាន់លានដុល្លារ នឹងអាចទទួលបានសមាជិកភាពអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សានេះ៕
Post a Comment