ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព«ភូមិគំរូ» និងការរៀបចំប្រកាសទទួលស្គាល់ជាផ្លូវការសម្រាប់ឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាព “ភូមិគំរូ” និងការរៀបចំពិធីប្រកាសទទួលស្គាល់ “ភូមិគំរូ” សម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមជាថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ផងដែរ។
តាមរយៈរបាយការណ៍វឌ្ឍនភាពរបស់ លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានជ្រើសរើសនិងគាំទ្រការអភិវឌ្ឍ “ភូមិគំរូ” សរុបចំនួន ៥១ភូមិ នៅទូទាំង ២៥រាជធានី-ខេត្ត។ ជាលទ្ធផលនៃការវាយតម្លៃ មាន “ភូមិគំរូ” ទទួលបានចំណាត់ថ្នាក់កម្រិតផ្កាយ ៣ មានចំនួន ៦ភូមិ, “ភូមិគំរូ” ទទួលចំណាត់ថ្នាក់កម្រិតផ្កាយ ២ មានចំនួន ៣៥ភូមិ និង “ភូមិគំរូ” ទទួលចំណាត់ថ្នាក់កម្រិតផ្កាយ ១ មានចំនួន ១០ភូមិ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ ដែលបានខិតខំបំពេញការងារឱ្យសម្រេចបាននូវលទ្ធផលការងារតាមផែនការដែលបានគ្រោងទុក ជាពិសេសការសម្រេចបានជោគជ័យនៃការអភិវឌ្ឍ “ភូមិគំរូ” ទាំង ៥១ភូមិខាងលើនេះ។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដើម្បីចូលរួមសម្រេចនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ទិសដៅការងារដើម្បីអភិវឌ្ឍសហគមន៍នៅតំបន់ជនបទ ឱ្យក្លាយជា “ភូមិគំរូ” ឬ “ភូមិគំរូគន្លឹះ” សរុបចំនួន ២៣០ភូមិ នៅត្រឹមឆ្នាំ២០២៨ ដែលតាមរយៈការអភិវឌ្ឍភូមិគំរូគន្លឹះនេះ នឹងអាចផ្ដល់ផលប្រយោជន៍ឬផលជះជាវិជ្ជមានដល់ភូមិដទៃទៀតដែលនៅជុំវិញ។សូមជម្រាបជូនថា ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងរៀបចំពិធីប្រកាស និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ភូមិចំនួន ៥១ ជា “ភូមិគំរូ” ដែលក្រសួងបានអនុវត្តសម្រាប់ឆ្នាំ២០២៥ កន្លងទៅ នាពេលឆាប់ៗខាងមុខនេះ៕










Post a Comment