លោក គីម ជុងអ៊ុន សន្យាគាំទ្រលោក ពូទីន ដោយគ្មានលក្ខខណ្ឌ
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាផ្ដល់ការគាំទ្រដោយឥតលក្ខខណ្ឌចំពោះគោលនយោបាយ និងការសម្រេចចិត្តទាំងឡាយរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន។
KCNA នៅថ្ងៃសុក្រ ទី៩ ខែមករា
បានរាយការណ៍ថានៅក្នុងលិខិតមួយ លោក គីម
ជុងអ៊ុនបាននិយាយថារូបលោកមានអារម្មណ៍ទទួលដឹងពីទំនាកទំនងមិត្តភាពដ៏ពិតប្រាកដចេញពីលោក
ពូទីន ហើយបានចាត់ទុកថាទំនាក់ទំនងរបស់លោកជាមួយលោក ពូទីនមានតម្លៃជាទីបំផុត។ «កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំង២នឹងបន្តលើគ្រប់វិស័យទាំងអស់នៅពេលអនាគត»។ នេះជាការគូសបញ្ជាក់របស់លោក គីម។ លោក គីមបានបន្តទៀតថារូបលោកនឹងគោរព
ហើយគាំទ្រដោយឥតលក្ខខណ្ឌចំពោះគោលនយោបាយ និងការសម្រេចចិត្តទាំងឡាយរបស់លោក ពូទីន។
បើតាម KCNA លោក គីម
ជុងអ៊ុន និងលោក ពូទីន ក៏បានឆ្លើយឆ្លងសំបុត្រគ្នាផងដែរក្នុងការសារអបអរឆ្នាំថ្មី
ដោយក្នុងនោះលោក គីម បាននិយាយថាកូរ៉េខាងជើង និងរុស្ស៉ី បានរួមឈាម រួមរស់
និងរួមស្លាប់ជាមួយគ្នានៅលើសមរភូមិសង្រ្គាមអ៊ុយក្រែន។ លោក
ពូទីនវិញបានសាទរនូវអ្វីដែលលោកហៅថាជាទំនាក់ទំនងមិនអាចបំបែកបំបាក់បានរវាងកូរ៉េខាងជើង
និងរុស្ស៉ី។ តាមចារកម្មកូរ៉េខាងត្បូង និងលោកខាងលិច កូរ៉េខាងជើង បានបញ្ជូនកងទ័ព
និងសព្វាវុធទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន៕ (AFP)

Post a Comment