នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថ្កោលទោសអាមេរិក និងទាមទារឱ្យដោះលែងមេដឹកនាំវេណេស៊ុយអេឡាជាបន្ទាន់

កូឡាឡាំពួ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយា ដោយចាត់ទុកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកថា ជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត។

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការ លោក អាន់វ៉ា បានចាត់ទុកថា សកម្មភាពបែបនេះគឺស្មើនឹងការប្រើប្រាស់កម្លាំងដោយខុសច្បាប់ប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ។ ទន្ទឹមគ្នានេះ លោកបានទាមទារឱ្យដោះលែងលោក ម៉ាឌូរ៉ូ និងភរិយា ដោយគ្មានការពន្យារពេល។

មេដឹកនាំម៉ាឡេស៊ីរូបនេះបានព្រមានថា ការដកប្រមុខរដ្ឋាភិបាលដែលកំពុងកាន់តំណែងដោយបង្ខំតាមរយៈសកម្មភាពខាងក្រៅ បង្កើតជាគំរូដ៏គ្រោះថ្នាក់ ដែលធ្វើឱ្យចុះខ្សោយក្របខណ្ឌច្បាប់នៃសណ្តាប់ធ្នាប់អន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថា វាគួរតែជាសិទ្ធិរបស់ប្រជាជនវេណេស៊ុយអេឡា ក្នុងការកំណត់អនាគតនយោបាយរបស់ពួកគេដោយខ្លួនឯង ព្រោះការផ្លាស់ប្តូរដោយកម្លាំងខាងក្រៅនឹងនាំមកនូវផលអាក្រក់ច្រើនជាងផលល្អ។

លោកបានបន្ថែមថា ម៉ាឡេស៊ីចាត់ទុកការគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជារឿងសំខាន់បំផុត ហើយការសន្ទនា និងការកាត់បន្ថយភាពតានតឹង គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារជនស៊ីវិល៕



 

Powered by Blogger.