មន្ទីរពេទ្យគន្ធបុប្ផាពិនិត្យ ពិគ្រោះ ព្យាបាលជំងឺកុមារ១លានករណី ដោយឥតគិតថ្លៃ ក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ តាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាឱ្យដឹងថា រយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួន ១ ០៧១ ៦៣៧ករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។

តាមរបាយការណ៍ មន្ទីរពេទ្យគន្ធបុប្ផាក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន ១០៨ ១៣៤ករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួន ២៥ ៧៣៦នាក់, ផ្ដល់សេវាវះកាត់ទូទៅចំនួន ៣៤ ៨៨៩នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួន ១ ១៦៣នាក់។

តាមរបាយការណ៍ដដែល ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា៤៦ ១៨១ ៥២៣ដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង។

គួរឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ចំណែកនៅសៀមរាប(មន្ទីរពេទ្យជ័យរវ្ម័នទី៧) ដំណើរការនៅឆ្នាំ១៩៩៩៕



 

Powered by Blogger.