មេដឹកនាំអឺរ៉ុប ចេញមុខគាំទ្រដាណឺម៉ាក និងប្រកាសថា «ហ្គ្រីនឡែនជាកម្មសិទ្ធិរបស់ប្រជាជនខ្លួន»

កូប៉ិនហាក៖ មេដឹកនាំនៃមហាអំណាចអឺរ៉ុប នៅថ្ងៃអង្គារនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីគាំទ្រដាណឺម៉ាក និងហ្គ្រីនឡែន ដោយបញ្ជាក់យ៉ាងច្បាស់ថា កោះអាក់ទិកនេះជាកម្មសិទ្ធិរបស់ប្រជាជនខ្លួន។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញចំណាប់អារម្មណ៍សារជាថ្មីក្នុងការកាន់កាប់ដែនដីនេះ។

សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំបារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ អង់គ្លេស និងដាណឺម៉ាក បានសង្កត់ធ្ងន់ថា «ហ្គ្រីនឡែនជារបស់ប្រជាជនគេ។ វាជាសិទ្ធិរបស់ដាណឺម៉ាក និងហ្គ្រីនឡែនប៉ុណ្ណោះក្នុងការសម្រេចចិត្តលើបញ្ហាពាក់ព័ន្ធនឹងខ្លួន»។ មេដឹកនាំទាំងនោះបានបន្ថែមថា សន្តិសុខនៅតំបន់អាក់ទិក គឺជាអាទិភាពដែលត្រូវសម្រេចបានរួមគ្នាជាមួយសម្ព័ន្ធមិត្តណាតូ រួមទាំងសហរដ្ឋអាមេរិកផងដែរ។

សូមជម្រាបថា ប្រតិបត្តិការយោធាអាមេរិកនៅវេណេស៊ុយអេឡាបានបង្កក្តីបារម្ភថា ហ្គ្រីនឡែនអាចប្រឈមមុខនឹងសេណារីយ៉ូស្រដៀងគ្នា ដោយសារទីតាំងយុទ្ធសាស្ត្រ និងធនធានរ៉ែរបស់ខ្លួន។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រីហ្គ្រីនឡែន លោក Jens-Frederik Nielsen បានព្យាយាមប្រាប់ពលរដ្ឋថា មិនគួរភ័យខ្លាចការកាន់កាប់ភ្លាមៗនោះទេ ខណៈលោកកំពុងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយអាមេរិក៕ (Reuters)



 

Powered by Blogger.