អាជ្ញាធរមីន៖ គោលដៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងមិនចង់ឃើញប្រជាជនកម្ពុជាស្លាប់និងរងរបួសឡើយ
ខេត្តសៀមរាប៖ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងលោក FAN Manjiang ភារធារីនៃស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនជនភៀសសឹក និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលកម្មវិធីផ្សព្វផ្សាយនេះបានទទួលការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា។
លោក FAN Manjiang បានថ្លែងវាយតម្លៃខ្ពស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ
និងប្រពៃណីរវាងកម្ពុជា និងចិន
ហើយប្រទេសចិននឹងបន្តឈរជាមួយកម្ពុជាក្នុងការកសាងសន្តិភាព
និងការអភិវឌ្ឍនៅកម្ពុជាតទៅមុខទៀត។ ថ្មីៗនេះ ជាក់ស្តែង
ប្រទេសចិនបានសម្របសម្រួលឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ ។
លោក FAN Manjiang បញ្ជាក់ទៀតថា
ការគាំទ្រសកម្មភាពមីនមនុស្សធម៌
គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ចិនមកលេីកម្ពុជា
ហើយប្រទេសចិននឹងបន្តសកម្មភាពនេះ
ដោយចង់ឃើញប្រជាជនកម្ពុជាទទួលបានសុខសុវត្ថិភាព
និងរួចចាកផុតពីការគំរាមកំហែងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
ទាំងនោះក្រោយសង្រ្គាមបានបញ្ចប់។
ក្នុងឱកាសនោះ
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី
ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រទេសចិន
ដែលតែងតែគាំទ្រដល់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ជាពិសេស ថ្មីៗនេះ
ប្រទេសចិនបានសម្របសម្រួលឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ
តាមរយៈសេចក្តីថ្លែងការណ៍ហ្វ៊ូសៀនដែលនឹងនាំស្ថានការណ៍ឆ្ពោះទៅរកសន្តិភាព
ព្រមទាំងបានផ្តល់ជំនួយមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹក ទៀតផង។
ឯកឧត្ដមទេសរដ្ឋមន្រ្តី
លី ធុជ បានសម្តែងនូវការដឹងគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី
ដែលខិតខំប្រឹងប្រែងរិះរកមធ្យោបាយគ្រប់បែបយ៉ាងទាំងការងារនយោបាយ
និងការទូត ដេីម្បីជំរុញឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ និងបញ្ចប់នូវសោកនាដកម្មពីការឈ្លានពានរបស់ថៃមកលេីកម្ពុជា។
ឯកឧត្ដមបញ្ជាក់ទៀតថា គោលដៅរបស់សម្តេចធិបតី គឺមិនចង់ឱ្យមានសង្រ្គាម
និងមិនចង់អោយប្រជាជនកម្ពុជាស្លាប់និងរបួសទេ
ពោលគឺចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងចង់ឱ្យប្រជាជនកម្ពុជារស់នៅក្រោមសន្តិភាព
និងទទួលបានការអភិវឌ្ឍគ្រប់គ្នាៗ។
ឯកឧត្ដមទេសរដ្ឋមន្រ្តី
បានលេីកឡេីងទៀតថា ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ
គឺជាកិច្ចការចាំបាច់មួយដែល សម្តេចធបតី នាយករដ្ឋមន្ត្រី
យកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជនភៀសសឹក
ក្រោយវិលត្រឡប់ទៅលំនៅឋាន និងការបន្តសកម្មភាពប្រចាំថ្ងៃវិញ។
ជាមួយគ្នានេះ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល អាជ្ញាធរមីន
បានចេញសេចក្តីណែនាំទៅគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់
ជំរុញចាត់វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាជនភៀសសឹក
ដេីម្បីបង្ការ
និងទប់ស្កាត់ការគ្រោះថ្នាក់ជាយកថាហេតុណាមួយបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយយោធាថៃ។
កម្មវីធីនេះ
ប្រព្រឹត្តទៅនៅមណ្ឌលជនភៀសសឹកក្នុងវត្តប្រាសាទនាគគូរ
និងវត្តសិលាចារ្យបន្ទាយស្រី ស្ថិតនៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី
ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងស្ថានទូតចិនប្រចាំកម្ពុជា
រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់
និងប្រតិបត្តិករសកម្មភាពមីន៕








Post a Comment