កម្ពុជា-ចិន ឯកភាពបន្ដបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ និងបន្ដស្វែងរកអ្នកពាក់ព័ន្ធ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត
ភ្នំពេញ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការបង្ក្រាបមេក្លោងឧក្រិដ្ឋកម្មអនឡាញ លោក ចេន ហ្ស៊ី (Chen Zhi) និងគាំទ្រដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
ក្នុងជំនួបនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន
បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងចាត់ទុកថា
វត្តមាននៃការបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ
គឺជាផ្នែកមួយសំខាន់ក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយបន្ថែមទៀត
ទាំងផ្នែករាជរដ្ឋាភិបាល បក្ស និងប្រជាជនប្រទេសទាំងពីរ ពិសេសគឺការអនុវត្តច្បាប់។
ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី
បានជម្រាបជូនឧបការីរដ្ឋមន្ដ្រីក្រសួងសន្ដិសុខចិន អំពីស្ថានភាពជាក់ស្ដែង
និងពិតប្រាកដរបស់កម្ពុជា ពោលកម្ពុជាក៏ជាប្រទេសមួយរងគ្រោះ ដោយសារបទល្មើសឆបោកនេះ
ដោយហេតុថា ជនល្មើសទាំងអស់បានយកទីទាំងប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពល្មើសច្បាប់
ដូច្នេះហើយទាមទារឲ្យកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នអនុវត្តច្បាប់ប្រទេសទាំងពីរ
កាន់តែស្អិតរមួតបន្ថែមទៀត។
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា
វត្តមានរបស់មិត្តចិនដែលមកបំពេញទស្សនកិច្ចនៅពេលនេះ ក៏ស្របពេលរាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី
កំពុងតែប្រើប្រាស់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត
ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញគ្រប់ទម្រង់ទាំងអស់។ ឯកឧត្តមសង្ឃឹមថា
ភាគីចិន-កម្ពុជា នឹងបន្ដពង្រឹងលើការងារប្រឆាំងឧក្រិដ្ឋកម្មអនឡាញនេះបន្ថែមទៀត។
ទន្ទឹមនឹងនេះឯកឧត្តម LIU
Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ
នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានថ្លែងអំណរគុណដល់រាជរេដ្ឋាភិបាលកម្ពុជា
ចំពោះកិច្ចសហការក្នុងការចាប់ខ្លួនមេខ្លោងបទល្មើសឧក្រិដ្ឋកម្មអនឡាញ លោក ចេន ហ្ស៊ី (Chen
Zhi) ដែលនេះគឺជាការរួចចំណែកយ៉ាងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា
មកកាន់ប្រទេសចិន។
ឧបការីរដ្ឋមន្ដ្រីក្រសួងសន្ដិសុខចិនបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញវិធានការដ៏មុតស្រួច
ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ
ដូចជាការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(ONLINE
SCAM), អនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ
និងការបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុករបស់សម្តេចធិបតី
អំពាវនាវឲ្យជនរួមជាតិរួមគ្នាជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងបទល្មើសអនឡាញជាដើម៕


Post a Comment