Panda Pack ឆ្នាំ២០២៦ បន្តសន្យាដល់សិស្សជនបទនៅកម្ពុជា

ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ក្រោយជំនួបជាមួយនាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមការងារបច្ចេកទេសអនុវត្តគម្រោងPanda Pack របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) បានបង្ហាញពីសមិទ្ធផលការងាររបស់ខ្លួនក្នុងឆ្នាំ២០២៥ ក្រោមកិច្ចសហការនិងសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ចាង សិនយៀក (Zhang Shenyue) ទទួលខុសត្រូវអនុវត្តគម្រោងកាតាបPanda បានបញ្ជាក់ថា ឆ្នាំ២០២៥នេះ CFRD បានផ្តល់អំណោយកាតាបចំនួន២១៦០០ (ម្ភៃមួយពាន់ប្រាំមួយរយ)កញ្ចប់ ដែលបាននាំឱ្យកាតាបសរុបផ្តល់មកកម្ពុជាចាប់ពីឆ្នាំ២០១៨មានចំនួនសរុប២០៣ ៩០០ (ពីររយបីពាន់ ប្រាំបួនរយ) កញ្ចប់ ដោយកញ្ចប់ផែនដាត្រូវបានគាំទ្រដោយអង្គការសប្បុរសធម៌ Alibaba ដោយប្រមូលផ្តុំនូវថវិកាសប្បុរសធម៌របស់ប្រជាជនចិនរាប់លាននាក់។ កញ្ចប់នីមួយៗមានសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃចំនួន៨៨មុខ ហើយការរចនាកញ្ចប់ឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌របស់ប្រទេសចិន និងកម្ពុជា។ វាមិនត្រឹមតែបំពេញតម្រូវការសិក្សា និងការរស់នៅរបស់កុមារប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់យ៉ាងខ្លាំងដល់ការផ្លាស់ប្តូរប្រជាជនទៅប្រជាជនរវាងប្រទេសចិន និងកម្ពុជា។

លោក ឆិន អ៊ីស៊ាន (Chen Yixian) ទទួលខុសត្រូវអនុវត្តគម្រោងកង់ បានរំលេចថា កង់ដែលត្រូវបានបរិច្ចាគ មកប្រទេសកម្ពុជាគឺជាអំណោយរបស់ក្រុមហ៊ុន Hello Bike ដោយមានមូលនិធិសប្បុរសធម៌ COSCO Shipping ជាអ្នកទទួលខុសត្រូវលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ អំណោយកង់នេះគឺជាការបញ្ចូលគ្នានៃសេចក្តីស្រឡាញ់ពីពហុភាគីដែលធានាថាកុមារអាចជិះកង់បានឆាប់តាមដែលអាចធ្វើទៅបាន ដោយកាត់បន្ថយពេលវេលារបស់ខ្លួនក្នុងការធ្វើដំណើរទៅសាលារៀន។ ក្នុងឆ្នាំ២០២៥នេះ កម្ពុជាទទួលបានអំណោយកង់ចំនួន២៥០០(ពីរពាន់ប្រាំរយ)គ្រឿង ហើយគិតចាប់ពីឆ្នាំ២០២៣មក ចំនួនកង់សរុបគឺ ៧ ៥២៤(ប្រាំពីរពាន់ប្រាំរយម្ភៃបួន) គ្រឿង។ 

លោក អ៊ូ ផឹង (Wu Peng) ប្រធាននាយកដ្ឋានអន្តរជាតិសម្រាប់ការអភិវឌ្ឍនៃCFRDបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ហើយលោកបានចាត់ទុកវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាដៃគូដ៏ជិតស្និទ្ធ និងទុកចិត្តបំផុតក្នុងការអនុវត្តគម្រោង Panda Pack ហើយកិច្ចសហការនេះមិនត្រឹមតែជាការផ្តល់ជំនួយផ្នែកសម្ភារៈនោះទេ ថែមទាំងជាការវិនិយោគយូរអង្វែងលើសមត្ថភាពសិស្សនៅជនបទ។ លោកបានបន្ថែមថា គម្រោង Panda Pack ឆ្នាំ២០២៦នឹងក្លាយជាក្តីរំពឹងទន្ទឹងរង់ចាំរបស់សិស្សានុសិស្សកម្ពុជានៅជនបទ ហើយក៏ជាក្តីសង្ឃឹមសម្រាប់សិស្សានុសិស្សនៅជនបទ។ លោកបានផ្តល់ទឡ្ហីករណ៍ពីកិច្ចសម្ភាសន៍ជាមួយសិស្សានុសិស្សកម្ពុជាជាច្រើនរូបដែលទទួលបានអំណោយនេះ ពោរពេញដោយក្តីសង្ឃឹមចំពោះអនាគតនៃការសិក្សារបស់ខ្លួន និងបន្ថែមនូវស្នាមញញឹមពោរពេញដោយក្តីសុបិនដែលខ្លួននឹងក្លាយជាសសរទ្រូងដ៏រឹងមាំក្នុងការរួមចំណែកអភិវឌ្ឍសង្គមកម្ពុជាតាមមាគ៌ាទំនើបកម្មស្របតាមយុគសម័យឌីជីថល៕





Powered by Blogger.