ត្រាំ ថាមិនបារម្ភទេ ចំពោះសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ បាននិយាយថារូបលោកមិនមានការព្រួយបារម្ភចំពោះការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតរបស់ ចិននៅជុំវិញកោះតៃវ៉ាន់នោះទេ ដែលនេះទំនងជាការច្រានចោលលទ្ធភាពដែលថាលោកប្រធានាធិបតីចិន ស៊ី ជីនពីង អាចនឹងបញ្ជាឱ្យបើកការវាយប្រហារលើតៃវ៉ាន់។
លោក ដូណាល់ ត្រាំ
ធ្វើការកត់សម្គាល់បែបនេះនៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរពីអំពីសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់ដែលបានឈានចូលថ្ងៃទី២
នៅថ្ងៃអង្គារនេះ។ «ខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយលោកប្រធានាធិបតី
ស៊ី (ជីនពីង)។ ខ្ញុំមិនជឿនោះទេថាគាត់ (លោក ស៊ី ជីនពីង) នឹងធ្វើវា»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ ដោយចង់សំដៅលើការវាយប្រហារ
ណាមួយរបស់ចិនលើតៃវ៉ាន់។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើរូបលោកមានការព្រួយបារម្ភចំពោះសមយុទ្ធយោធារបស់ចិនដែរឬទេ?
លោក ត្រាំ បានឆ្លើយថា «គ្មានអ្វីធ្វើឱ្យខ្ញុំព្រួយបារម្ភឡើយ
ពួកគេបានធ្វើសមយុទ្ធជើងទឹកអស់ជាង ២០ឆ្នាំមកហើយនៅក្នុងតំបន់នោះ
ហើយឥលូវមនុស្សជាច្រើនមើលឃើញថាវាក៏មិនខុសប្លែកខ្លាំងកាលពីមុនៗនោះដែរ»។
ចិនដែលអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន
កាលពីថ្ងៃចន្ទបានប្រកាសបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់
ក្នុងនោះរួមមានទាំងការហាត់សមពីរបៀបបិទខ្ទប់កំពង់ផែសំខាន់ៗ របស់ តៃវ៉ាន់។
សមយុទ្ធរបស់ចិនទៀតសោតធ្វើឡើងក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ
បានអនុម័តការលក់កញ្ចប់អាវុធដ៏ធំថ្មីមួយឱ្យតៃវ៉ាន់
និងចំពេលចិនកំពុងមានភាពតានតឹងជាមួយជប៉ុន បន្ទាប់ពី នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae
Takaichi បាននិយាយកាលពីខែវិច្ឆិកាថាជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា
ប្រសិនបើ ចិនបើកការវាយប្រហារណាមួយលើតៃវ៉ាន់៕ (AFP)



Post a Comment