លោក អាន់វ៉ា៖ អាស៊ាននឹងវាយតម្លៃស្ថានការណ៍ក្រោយការបោះឆ្នោតនៅមីយ៉ាន់ម៉ា

កូឡាឡាំពួ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសនៅថ្ងៃអង្គារនេះថា មេដឹកនាំអាស៊ាននឹងពិចារណា និងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្តនៅមីយ៉ាន់ម៉ា បន្ទាប់ពីដំណាក់កាលទីមួយនៃការបោះឆ្នោតបានបញ្ចប់កាលពីចុងសប្តាហ៍។

ក្នុងនាមជាប្រធានអាស៊ាន លោក អាន់វ៉ា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា «ការវាយតម្លៃណាមួយនឹងដំណើរការតាមលំដាប់លំដោយ ដោយផ្អែកលើតម្រូវការកាត់បន្ថយអំពើហិង្សា ចៀសវាងសកម្មភាពដែលអាចធ្វើឱ្យមានការបែកបាក់ ឬផ្តល់ភាពស្របច្បាប់មុនកាលកំណត់ និងរក្សាលទ្ធភាពនៃផ្លូវឆ្ពោះទៅមុខដែលមានបរិយាបន្ន និងអាចជឿទុកចិត្តបាន»

ការបោះឆ្នោតនេះត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសហប្រជាជាតិ និងលោកខាងលិចថាជា «ការបោះឆ្នោតក្លែងក្លាយ» ដើម្បីពង្រឹងអំណាចយោធា ប៉ុន្តែរបបយោធាបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថាមានការគាំទ្រពីសាធារណជន។

សូមជម្រាបថា ផែនការសន្តិភាព «កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច» ដែលរបបយោធាធ្លាប់យល់ព្រមជាមួយអាស៊ានកាលពីឆ្នាំ២០២១ ត្រូវបានគេមើលឃើញថាបរាជ័យភាគច្រើន ដោយសារយោធាបដិសេធមិនជួបជាមួយគូប្រជែងរបស់ខ្លួន៕



 

Powered by Blogger.